កីឡាករ​បាល់​ទាត់​ម្នាក់​ដែល​មិន​ព្រម​ចុះ​ចាញ់​នរណា​ម្នាក់​នៅ​លើ​លោក​នេះ​គឺ​​ Zlatan Ibrahimovic ​បាន​និយាយ​ប្រាប់​អ្នក​គាំទ្រ​ថា​រូប​គេ​នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​ World Cup នៅ​រុស្សី​ហើយ​ថែម​ទាំង​និយាយ​ពី​សារសំខាន់​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​ធំ​ជាង​គេ​បំផុត​។

ខ្សែ​ប្រយុទ្ធ​ LA Galaxy បាន​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​របស់​លោក​  Jimmy Kimmel ក្នុង​កម្មវិធី​មួយ​នៃ​ទូរទស្សន៍​ ABC ហើយ​ក្នុង​នោះ​ដែរ​អតីត​កីឡាករ ​Man Utd បាន​និយាយ​បញ្ជាក់​ច្បាស់​ៗ​ពី​ការ​ទៅ​លេង​នៅ​ World Cup។ ពេល​ពិធីករ​សួរ​ថា​តើ​អ្នក​នឹង​ទៅ​World Cup ជាមួយ​ជម្រើស​ជាតិ​ស៊ុយអែត​អត់?​ហើយ​គាត់​ក៏​បាន​ឆ្លើយ​ថា​៖” ខ្ញុំ​ទៅ​ World Cup តើ! បាទ! ខ្ញុំ​ទៅ​!”។

“​ខ្ញុំ​ទើប​តែ​និយាយ​​ហើយ​ថា​ខ្ញុំ​នឹង​ទៅ​ World Cup។​ប្រសិន​បើ​ខ្ញុំ​និយាយ​ច្រើន​ជាង​នេះ​ មនុស្ស​ជា​ច្រើន​នឹង​ព្យួរ​ក​ខ្ញុំ​ហើយ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ប្រយ័ត្ន​នូវ​អ្វី​ដែល​ខ្ញុំ​និយាយ​ពេល​នេះ​”។

“ ការ​ប្រកួត ​World Cup ពេល​ដែល​គ្មាន​ខ្ញុំ​គឺ​មិន​មែន​ជា​ World Cup ទេ!”។

Ibrahimovic ចង់​ចូល​ជម្រើស​ជាតិ​ស៊ុយអែត​វិញ​ដើម្បី​លេង​ ​World Cup
Ibrahimovic ចង់​ចូល​ជម្រើស​ជាតិ​ស៊ុយអែត​វិញ​ដើម្បី​លេង​ ​World Cup

ទោះ​បី​ជា​មិន​បាន​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ទ្វីប​ប៉ុន្តែ​រូប​គេ​នឹង​ប្រកាស​ចូល​ជម្រើស​ជាតិ​វិញ។​តែ​យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ថា​រូប​គេ​ចូល​វិញ​ក្នុង​នាម​ជា​កីឡាករ​ឬ​ក៏​ដំណែង​គ្រូ​ជំនួយ​ណា​មួយ​នោះ​ទេ​ ខណៈ​អ្វី​លើស​ពី​នេះ​មិន​ទាន់​បាន​និយាយ៕