ក្លឹបស្ដេចស Real Madrid បានប្រកាសថាខ្សែបម្រើ Isco Alarcon បានចុះហត្ថលេខាបន្តដែលការបញ្ចេញទឹកប៊ិចប៉ុន្មានដំណក់នេះធ្វើឲ្យរូបគេនៅលេងក្នុងកីឡដ្ឋាន Bernabeu ដល់ឆ្នាំ២០២២។
ពេលនេះ Isco បានក្លាយជាកីឡាករចុងក្រោយរបស់ Real Madrid ដែលបន្តកុងត្រាថ្មី ខណៈកុងត្រាមានជម្រើសឲ្យកីឡាករបន្តថែមទៀតស្រេចនឹងចិត្ត។ សេចក្ដីថ្លែងការមួយចេញពីវេបសាយផ្លូវការរបស់ Real Madrid និយាយថា៖ ”
Real Madrid C. F. និងIsco បានយល់ព្រមបន្តកុងត្រារបស់កីឡាករដែលកិច្ចព្រមព្រៀងនេះធ្វើឲ្យកីឡាករនៅជាមួយក្លឹបរហូតដល់ថ្ងៃទី៣០មិថុនាឆ្នាំ២០២២។ ថ្ងៃសុក្រស្អែកវេលាម៉ោង២រសៀល Isco នឹងមានវត្តមាននៅមុខបណ្ដាញសារព័ត៌មានក្នុងបន្ទប់សន្និសីទ្ធរបស់កីឡដ្ឋាន Santiago Bernabéu ។ “
កុងត្រាចាស់របស់កីឡាករវ័យ២៥ឆ្នាំ នឹងផុតកំណត់នៅរដូវកាលក្រោយហើយស្ថានភាពនេះ ធ្វើឲ្យគេកាន់ប៊ិចស៊ីញេកុងត្រា៥ឆ្នាំនៅ Santiago Bernabéu។ ការបន្តកុងត្រាបន្ទាប់ពីអតីតកីឡាកររបស់ Malaga រូបនេះ បង្ហាញថ្វីជើងបានល្អបំផុតជួយលោក Zidane ឈ្នះពាន Champipons League លើកទី២ និងរក្សាភាពខ្លាំងរបស់ក្លឹបនៅដើមរដូវកាលនេះ។
បើតាមប្រភព AS កីឡាករនាំលេងរូបនេះនឹងកើនឡើងប្រាក់ឈ្នួល៦លានផោននៃកុងត្រាចាស់ហើយតម្លៃខ្លួនផ្ដាច់កុងត្រាគឺ៧០០លានអឺរ៉ូឯណោះ៕