Manuel Neuer នឹងជាអ្នកចាំទីជម្រើសទី១របស់ក្រុមជម្រើសជាតិអាល្លឺម៉ង់បើរូបគេជាប់ក្នុងបញ្ជី២៣នាក់ចុងក្រោយរបស់គ្រូបង្គោល Joachim Low សម្រាប់ទៅ World Cup 2018 នៅរុស្ស៊ី ទោះបីខានលេងតាំងពីខែកញ្ញាមកក្ដី។

ប្រធានក្រុម Bayern Munich វ័យ៣២ឆ្នាំ បានអវត្តមានសឹងពេញរដូវកាល២០១៧-១៨ ដោយសាររងរបួសបាក់ឆ្អឹងប្រអប់ជើងនិងទទួលការវះកាត់។

លោក Low បានជ្រើសរើសអ្នកចាំទី៤នាក់ក្នុងបញ្ជីបឋម២៧នាក់របស់លោកសម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ តែនឹងជម្រុះយក២៣នាក់ចុងក្រោយនៅថ្ងៃចន្ទទី៤ខែមិថុនា។

លោក Oliver Bierhoff អ្នកចាត់ការក្រុមជម្រើសជាតិនិយាយថា៖ “Manuel នឹងទៅ World Cup ក្នុងនាមជាដៃទី១របស់យើង។ បើគាត់ជាប់ក្នុងបញ្ជីចុងក្រោយ អីចឹង Marc-Andre ter Stegen នឹងជាដៃទី២។ Manuel បានសះស្បើយពេញលេញរួចហើយ”។

អាល្លឺម៉ង់ ស្ថិតក្នុងពូល F ជាមួយ ម៉ិកស៊ីកូ, ស៊ុយអែត និង កូរ៉េខាងត្បូង ហើយនឹងលេងប្រកួតទី១នៅថ្ងៃអាទិត្យទី១៧ខែមិថុនា៕