ខ្សែបម្រើ Real Madrid កីឡាករ Toni Kroos បាននិយាយថាគាត់ស្គាល់កីឡាករជម្រើសជាតិមិកស៊ិកតែម្នាក់គត់គឺ Javier ‘Chicharito’ Hernández ដែលកំពុងលេងក្នុងជម្រើសជាតិមកពីអាមេរិកខាងជើងមួយនេះ។
នៅរដូវក្ដៅនេះម្ចាស់ការពារដំណែងជើងឯកបាល់ទាត់ពិភពលោក នឹងប្រឹងយ៉ាងណារក្សាពាននេះឲ្យនៅក្នុងដៃ៤ឆ្នាំទៀត ហើយក្នុងពូលអាល្លឺម៉ង់នឹងត្រូវជួបមិកស៊ិកហើយក្រុមមួយនេះ ត្រូវបានគេចាត់ថាជាក្រុមខ្លាំងមួយដែរនោះ។
នៅថ្ងៃទី១៧មិថុនាពួកគេនឹងត្រូវជួបគ្នាក្នុង World Cup ។ទោះបីជាយ៉ាងនេះក្ដី មិកស៊ិក នឹងមិនខ្លាចអាល្លឺម៉ង់នោះទេ។ Toni Kroos បាននិយាយពីស្ថានភាពជម្រើសជាតិមួយនេះ ជាជាងឌឺដងក្នុងសន្និសីទកាលពីថ្មីៗនេះថា៖” ខ្ញុំមិនបានដឹងព័ត៌មានច្បាស់នោះទេ ប៉ុន្តែ Chicharito ធ្លាប់លេងឲ្យ Madrid ហើយគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ដែលពិបាកតាមបិទ”។
តាមរយៈសម្ដីនេះមានន័យថាខ្សែបម្រើវ័យ២៨ឆ្នាំបានដឹងតិចណាស់ពីជម្រើសជាតិមិកស៊ិក ខណៈដែល Javier Hernandezតែម្នាក់គត់ដែលគាត់ស្គាល់។ បន្ទាប់ពីនិយាយបែបនេះ Kroos ទទួលការរិះគន់ពីជាច្រើន ពីអ្នកគាំទ្រមិកស៊ិកក្នុងបណ្ដាញសង្គម៕