ទម្រង់​លេង​ធ្លាក់​ចុះ​របស់​ ​Real Madrid ក្នុង​រដូវ​កាល​នេះ ​បាន​បន្សល់​ទុក​ឲ្យ​អាជីព​គ្រូ​បង្វឹក​របស់ ​Zidane ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់ ​ប៉ុន្តែ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ មិន​ខ្វល់​អ្វី​ទាំង​អស់​គឺ​គាត់​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ប្រកួត​ជាមួយ​ Levante។

Zinedine Zidane បាន​ទទួល​ស្គាល់​ ពី​ទំនាក់ទំនង​មក​ដឹកនាំ​ជំនួស​លោក​ពី​សំណាក់​​គ្រូ​បង្វឹក​ផ្សេង​ទៀត​​ ក្រោយ​ពេល​លោក​ដឹកនាំ​ក្រុម​មិន​សូវ​បាន​ផល​ល្អ​ក្នុង​រដូវ​កាល​នេះ។ ទោះ​បី​ជា​ទម្រង់​លេង​បាន​ប្រសើរ​បន្តិច​ក្ដី​ ក្នុង​ការ​ប្រកួត​ឈ្នះ​ Valencia ៤​ទល់​១​ប៉ុន្តែ​ម្ចាស់​ជើង​ឯក​អឺរ៉ុប ​និង​អេស្ប៉ាញ​មួយ​នេះ​កំពុង​តាម​ពី​ក្រោយ ​Barcelona ១៩​ពិន្ទុ។

ការ​ធ្លាក់​ចេញ​ពី​ពាន ​Copa del Rey ដោយ​សារ​ថ្វី​ដៃ​ Leganes នៅ​តែ​ពុះ​កញ្ជ្រោល​ ហើយ​ដំណឹង​លោក Pochettino ដែល​ជា​បេក្ខភាព​មួយ​ក្នុង​ចំណោម​គ្រូ​បង្វឹក​ជា​ច្រើន ​នឹង​មក​ជំនួស​ដំណែង​របស់​លោក​​ដែល​ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​ពាន ​Champions League ២​ដង​ក្នុង​២​រដូវ​កាល​ជាប់​គ្នា ក៏​កំពុង​កម្រើក។

អញ្ចឹង​ក៏​ដោយ​! លោក​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ជាមួយ​ Levante ថា៖” វា​អញ្ចឹង​ហើយ! មិន​ថា​កន្លែង​ណា​ទេ សូម្បី​តែ​ Real Madrid តែងតែ​មាន​ការ​និយាយ​ពី​​ការងារ​គ្រូ​បង្វឹក​រៀង​រាល់​ថ្ងៃ។ ពេល​ដែល​អ្វី​មួយ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ​​ពួក​គេ​និយាយ​ពី​វា​ ហើយ​និយាយ​ពី​ការ​ប្ដូរ​​ និយាយ​ពី​នរណា​ម្នាក់​ដែល​មក​ជំនួស”

តែ​វា​គ្មាន​ប៉ះពាល់​អី​ដល់​ខ្ញុំ​ទេ។ វា​មិន​បាន​បញ្ឈប់​ខ្ញុំ​ ឲ្យ​ឈប់​ធ្វើ​ការងារ​ និង​ប្រយុទ្ធ​ស្វែងរក​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​រាល់​ថ្ងៃ​ និងពង្រឹង​គ្រប់​យ៉ាង។ ​ខ្ញុំ​មិន​ដែល​គិត​អំពី​វា​ទាំង​អស់ ​ថា​អ្វី​នឹង​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ ​​ខ្ញុំ​មិន​ខ្វល់​ទេ“៕