ខ្សែ​បម្រើ​ Real Madrid កីឡាករ ​James Rodriguez ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​និយាយ​ប្រាប់​ Bayern Munich ហើយ​ថា​គាត់​នឹង​ទៅ​ចូល​រួម​ជាមួយ​Liverpool ពេល​ចប់​រដូវ​កាល​នេះ​ដោយ​សុខ​ចិត្ត​កាត់​តម្លៃ​ប្រាក់ឈ្នួល​មួយ​ឆ្នាំ​ពី​ Allianz Arena។

Real Madrid បាន​ឲ្យ ​James លេង​នៅ​ Bayern ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​កាល​ពី​ដើម​រដូវ​កាល ​បន្ទាប់​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ មិន​សូវ​បាន​លេង​ក្រោម​ការ​ដឹកនាំ​របស់ ​Zinedine Zidane។ កីឡាករ​វ័យ​២៥​ឆ្នាំ​ កំពុង​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​អាល្លឺម៉ង់​ ដោយ​ជួយ​ក្រុម​របស់​លោក Jupp Heynckes ឈរ​កំពូល​តារាង​ Bundesliga ដាច់​ពិន្ទុ​ឆ្ងាយ​ ហើយ​អាច​នឹង​លើក​ពាន​ជា​លើក​ទី​៦​ជាប់​ៗ​គ្នា។

អញ្ចឹង​ក៏​ដោយ! របាយការណ៍​ជា​ច្រើន​បាន​បញ្ជាក់​ថា ​Rodriguez ប្រហែល​ជា​ចាក​ចេញ​ពី​ពេល​ចប់​រដូវ​កាល​នេះ​។ ជាមួយ​នឹង​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ ​World Cup​ក្នុង​ក្រុម​ជម្រើស​ជាតិ​អាច​នឹង​ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​របស់​គេកាន់​តែ​កើន​ឡើង។កាសែត​ Diario Gol របស់​អេស្ប៉ាញ​បាន​និយាយ​ថា​ James បាន​ប្រាប់ ​Bayern ថា​នឹង​ទៅ​លេង​នៅ ​Liverpool ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​ត្រូវ​បើក​ពេល​ចប់​រដូវ​កាល​នេះ។

ហង្ស​ក្រហម​ទើប​តែ​លក់​ Coutinho ឲ្យ ​Barcelona ក្នុង​តម្លៃ​១៤២​លាន​ផោន​កាល​ពី​ខែ​មុន​​ ហើយ​ពេល​នេះ​លោក Jurgen Klopp ក៏​មិន​រក​កីឡាករ​រូប​ណា​ម្នាក់​មក​ជំនួស​កន្លែង​របស់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​ប្រេស៊ីល​រូប​នេះ​ដែរ ដោយ​លោក​ទុក​ចិត្ត​កម្លាំង​ប្រយុទ្ធ​ដែល​មាន​ស្រាប់​ដូច​ជា៖ Mohamed Salah, Sadio Mane និង​ Roberto Firmino។

យ៉ាង​ណា​ក្ដី​! ទម្រង់​លេង​របស់​ក្លឹប​ហាក់​មិន​នឹង​ន​នោះ​ទេ​ ដោយ​ពួក​គេ​ទើប​តែ​ចាញ់​ West Brom ក្នុង​ពាន​រង្វាន់ ​FA Cup កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។​កាសែត​ខាង​លើ​បាន​និយាយ​ថា​ Klopp បាន​កំណត់​អត្តសញ្ញាណ​ James ​មក​ជំនួស​ Coutinho នៅ​រដូវ​កាល​ក្រោយ​ក្រែង​លោ​អាច​ក្លាយ​ជា​ក្លឹប​ប្រជែង​ពាន​ហ្នឹង​គេ៕