កីឡាករ​វ័យ​ក្មេង​ទើប​បាន​ចូល​លេង​ឲ្យ ​Tottenham បាន​ប៉ុន្មាន​ប្រកួត Harry Winks ​ត្រូវ​កោះហៅ​ឲ្យ​ចូល​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស ​ខណៈ​ខ្សែ​ការពារ​ Phil Jones និង​ Fabain delph ត្រូវ​ដក​ចេញ​ដោយ​សារ​របួស​។​ នេះ​បើ​តាម​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ប្រកាស។

Winks វ័យ​២១​ឆ្នាំ​ត្រូវ​បាន​ដំឡើង​ពី​ឈុត ​U21 អង់គ្លេស​មក​លេង​នៅ​ឈុត​ធំ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ World Cup ២​ប្រកួត​ចុង​ក្រោយ​ ដោយ​ទទួល​ភ្ញៀវ​ស្លូវើនៀ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​និង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​លីទុយអានី​នៅ​ថ្ងៃ​អាទិត្យ។

ខ្សែ​ការពារ​កណ្ដាល​របស់ ​Manchester United កីឡាករ​ Phil Jones និង​ខ្សែ​បម្រើ​ក្លឹប​ Manchester City កីឡាករ Fabian Dilph បាន​ត្រឡប់​ទៅ​កាន់​ក្លឹប​របស់​ខ្លួន​វិញ​ដើម្បី​ធ្វើ​ការ​ព្យាបាល។ ​FA មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពួក​គេ​របួស​អី​នោះ​ទេ។ លោក Gareth Southgate ក៏​នឹង​ត្រូវ​បាត់បង់​មិត្ត​រួម​ក្រុម​របស់​ Winks គឺ Dele Alli ទល់​នឹង​ក្រុម​ស្លូវើនៀ​ដោយ​សារ​ជាប់​បម្រាម​ប៉ុន្តែ​រូប​គេ​នឹង​មាន​វត្តមាន​វិញ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លីទុយអានី។

អង់គ្លេស​កំពុង​ឈរ​កំពូល​តារាង​ពូលF ​ដោយ​ត្រូវ​ការ​ត្រឹម​តែ​២​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ ពួក​គេ​នឹង​បាន​ឡើង​ទៅ​លេង​នៅ​ ប្រទេស​រុស្សី៕