Real Madrid កំពុង​ឈាន​ទៅ​រក​ការ​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​នាំ​លេង​របស់​ Tottenham កីឡាករ​​ Dele Alli ហើយ​កិច្ច​ព្រមព្រៀង​នេះ​មាន​ខ្សែ​បម្រើ​ Mateo Kovasic ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ​នេះ​ ដើម្បី​នាំ​យក​កីឡាករ​វ័យ​ក្មេង​ប្រកប​ដោយ​បទពិសោធន៍​មក​លេង​នៅ​ Bernabeu។

តាម​ប្រភព​ Don Balon កីឡាករ​វ័យ​២១​ឆ្នាំ​ស្ថិត​ក្នុង​គោលដៅ​ចម្បង​របស់​លោក Florentino Perez។ កុំ​ភ្លេច​ថា​កុង​ត្រា​របស់​Alli នៅ ​Spurs ផុត​កំណត់​នៅ​ឆ្នាំ ២០២២​ឯណោះ ​ប៉ុន្តែ​មិន​អាច​ឲ្យ​ប្រធាន​ក្លឹប​មហាសេដ្ឋី​មួយ​នេះ​ រារែក​ក្នុង​ការ​ទិញ​យក​នោះ​ទេ​ដោយ​សារ​ទេពកោសល្យ​ដ៏​ល្អ​នេះ​ ហើយ​ទើប​លោក​ចង់​បាន​ខ្លាំង។

តែ​កិច្ច​ព្រមព្រៀងត្រូវ​បាន​គេ​ឃើញ​ថា​ Real Madrid មិន​ត្រឹម​តែ​ចំណាយ​លុយ​ទិញ​ប៉ុណ្ណោះ​ទេ ​តែ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាឌ្រីដ​អាច​បន្ថែម​ខ្សែ​បម្រើ​ Kovasic ជា​ថ្នូរ​ដើម្បី​ឲ្យ ​Spurs ព្រម​លក់។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​មិន​ងាយ​បាន​ចូល​លេង​ជម្រើស​ដំបូង​នោះ​ទេ ​ហើយ​សូម្បី​តែ​បម្រុង​ក៏​ដោយ​​ ដោយសារ​លោក Zidane មាន​ជម្រើស​ជា​ច្រើន​នៅ​តំបន់​បម្រើ។

វា​ហាក់​មិន​អាច​កើត​ឡើង​នោះ​ទេ​ ដែល​មាន់​ខ្នាយមាស​ចង់​លក់​កីឡាករ​ចេញ​ពី​ឈុត​យុវជន​របស់​ខ្លួន​ ប៉ុន្តែ​មិន​ហ៊ាន​ថា​ដែរ​សម្រាប់​សាមី​ខ្លួន​កីឡាករ​ចង់​ផ្ទេរ​ចេញ​ឬ​ក៏​អត?

ថ្មី​ៗ​នេះ​ Alli ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ស្វែង​រក​ភ្នាក់ងារ​ផ្ទាល់ខ្លួន​មួយ ​ដើម្បី​បង្ខំ​ឲ្យ​បាន​ចេញ​ពី​ White Hard Land ហើយ​កាសែត​អង់គ្លេស​ Mirror ដឹង​ថា​ភ្នាក់ងារ​របស់​ C. Ronaldo​ លោក Jorge Mendes និង​ភ្នាក់ងារ​របស់​ Paul Pogba លោក Mino Raiola ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ Dele Alli៕