វាទើបតែចាប់ផ្ដើមរដូវកាលនៅក្នុងលីកនៃទ្វីបអឺរ៉ុបមួយចំនួនតែប៉ុណ្ណោះ ប៉ុន្តែការប្រកួតប្រជែងរកស្បែកជើងមាសប្រចាំទ្វីបបានកើតឡើងក្ដៅគគុកទៅហើយ។ចូលក្នុងខែទី២នៃរដូវកាលថ្មីនេះ មានកីឡាករ២នាក់បង្កើនតួលេខរកគ្រាប់បាល់បានទៅហើយ ប៉ុន្តែនិយាយឲ្យចំតើកីឡាករណាម្នាក់ដែលល្អជាងគេ?
Sergio Aguero របស់ Man City, ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Chelsea កីឡាករ Alvaro Morata និងខ្សែប្រយុទ្ធស្បែកខ្មៅរបស់ Manchester United កីឡាករ Romelu Lukaku គឺកំពុងឈរមុខគេជាអ្នករកគ្រាប់បាល់នៅ Premier League។
ខ្សែប្រយុទ្ធទាំងបីនេះ រកគ្រាប់បាល់បាន៦គ្រាប់ក្នុងម្នាក់ៗ ក្នុងប៉ុន្មានប្រកួតចុងក្រោយ ហើយពួកគេបង្ហាញពីភាពខ្លាំងៗរៀងៗខ្លួន។ កំណត់ត្រានេះធ្វើឲ្យពួកគេចូលក្នុងតំបន់កីឡាករគ្រោះថ្នាក់ជាងគេនៅតំបន់អឺរ៉ុប។ Pierre-Emerick Aubameyang ទាត់បញ្ចូលទី៨គ្រាប់ឲ្យ Borrusia Dortmund ឡើងឈរកំពូលតារាងBundesliga។ខ្សែប្រយុទ្ធជម្រើសជាតិកាបុង រកបាន៨គ្រាប់រួចទៅហើយ ហើយក្នុងមួយគ្រាប់ៗ រូបគេចំណាយពេល៦៧នាទីដើម្បីសម្រេច។
ក្នុង La liga គ្មាននរណាអាចរកគ្រាប់បាល់ច្រើនជាង Messi នោះទេ ដោយរូបគេរកបាន៩គ្រាប់ក្នុងការចូលលេង៥៤០នាទីដែលនេះមានន័យថារៀងរាល់៦០នាទីគាត់រកបាន១គ្រាប់។ ខណៈពេលដែល Morata, Aguero និង Lukaku រកគ្រាប់បាល់រៀងរាល់៧៦ ៧៨ និង៩០នាទីបានមួយគ្រាប់ Falcao ដែលលេងនៅ Ligue 1 ឯនោះ ចំណាយពេលជាមធ្យម៥២នាទីដើម្បីទាត់បញ្ចូលទី។ ខ្សែប្រយុទ្ធជម្រើសជាតិកូឡុំប៊ីលេងបាន៥៧៣នាទីឲ្យ Monaco រកបាន១១គ្រាប់។
ខណៈពេលដែល Falcao ជាស្ដេចត្រាញ់ទាត់បញ្ចូលទីនៅបារាំង Paulo Dybala នៅ Serie A ឯណោះវិញ គឺជាកីឡាករប្រកបដោយគ្រោះថ្នាក់បំផុត ក្នុងការចំណាយនាទីរកគ្រាប់បាល់។ កីឡាករជម្រើសជាតិអាហ្សង់ទីនរកបាន១០គ្រាប់ក្នុង៤៦៦នាទីឬអាចគិតជាមធ្យមភាគ៤៧នាទីរកបានមួយគ្រាប់៕
Radamael Falcao នៅ Ligue 1
Paulo Dybala នៅ Serie A
ប្រិយមិត្តគិតថានរណាជាខ្សែប្រយុទ្ធគ្រោះថ្នាក់ជាងគេ?