ពានរង្វាន់ដែលល្បីប្រចាំទ្វីបអឺរ៉ុប គឺ UEFA Champion League រដូវកាលឆ្នាំ២០១៧-២០១៨ នឹងចាប់ផ្ដើមវគ្គជម្រុះបឋមរបស់ខ្លួនពីថ្ងៃអង្គារនេះតទៅហើយដោយមាន៤គូត្រូវប្រកួតប្រជែងដើម្បីស្វែងរកកៅអីឡើងទៅវគ្គជម្រុះបន្ទាប់។
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានកំណត់កាលបរិច្ឆេទនៃការប្រកួតក្នុងពានរង្វាន់ដែលរៀបចំឡើង១ឆ្នាំម្ដងនេះហើយដោយចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ហើយត្រូវបញ្ចប់វិញនៅថ្ងៃ២៦ ខែឧសភា ឆ្នាំ២០១៨ ឯណោះ។ យ៉ាងហោចមានក្រុមចំនួន៧៩ក្រុមមកពី៥៤ប្រទេសចូលរួមដំណើរពានរង្វាន់ដែលវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅទីក្រុង Keav ប្រទេសអ៊ុយក្រែននេះ។
គណៈកម្មការរៀបចំការប្រកួតបានកំណត់វគ្គនៃការប្រកួតដូចជាវគ្គជម្រុះទីបឋម, វគ្គជម្រុះទី២, វគ្គជម្រុះទី៣ វគ្គPlay-Off (ចាញ់ធ្លាក់) ទើបបានដល់វគ្គជម្រុះតាមពូល។ ក្រុមខ្លាំងក្នុងវគ្គជម្រុះតាមពូលចំនួន២ក្រុមត្រូវឡើងទៅលេងវគ្គ Knockout (វគ្គ១៦ក្រុមចុងក្រោយ) ហើយបន្តទៅវគ្គ៨ក្រុមចុងក្រោយ, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ តែម្ដង។
ចំពោះវគ្គជម្រុះបឋមធ្វើឡើងចំនួន២ជើងគឺនៅយប់ថ្ងៃទី២៧ ខែមិថុនា និងនៅថ្ងៃទី៤ខែកក្កដា៖
-Víkingur Gøta (កោះ Faroe Islands) Vs Trepça’89 (កូសូវ៉ូ)
-Hibernians (កោះម៉ាល់តា) Vs FCI Tallinn (អេស្តូនៀ)
-Alashkert (អាល់មេនៀ) Vs FC Santa Coloma (កោះអង់ដូរ៉ា)
-Linfield (អៀកឡង់ខាងជើង) Vs La Fiorita (សាន់ម៉ារីណូ)