បាល់ទាត់៖ អតីត​ខ្សែ​ការពារ​ Real Madrid កីឡាករ​ Pepe ​ត្រូវ​បាន​គេ​ដឹង​ថា​ បាន​និយាយ​ប្រាប់​អំឡុង​ការ​ប្រកួត​យប់​មិញ​ថា​ បាន​និយាយ​បញ្ចុះបញ្ចូល​ Ronaldo ឲ្យ​ទៅ​លេង​នៅ​ក្លឹប​យក្ស​បារាំង​ PSG ជាមួយ​គ្នា​វិញ​ហើយ​បដិសេធ​ក្រុម​បិសាច​ក្រហម​ Man Utd។

ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ​៣២​ឆ្នាំ​ មាន​ព័ត៌មាន​ថា​ចង់​ចាក​ចេញ​ពី​ទឹក​ដី​ Real Madrid ដោយ​សារ​បញ្ហា​រឿង​ទាក់ទាម​នឹង​ពន្ធដារ​ដ៏​ស្មុកស្មាញ​ ហើយ​គ្រាន់​តែ​ព័ត៌មាន​ចុះ​ផ្សាយ​ភ្លាម​ Man Utd, PSG ចាប់​ផ្ដើម​ដេញ​ថ្លៃ​យក​តែ​ម្ដង។ មាន​តែ​ក្លឹប​២​នេះ​គត់​ដែល​បង្ហាញ​មហិច្ឆតា​ចង់​បាន​ខ្លាំង​ជាង​គេ​ ដោយ​ហ៊ាន​ថ្លៃ​ខ្ពស់​ ខណៈ​នៅ​ចិន​គ្រាន់​តែ​បង្ហាញ​ចំណាប់តែ​​អារម្មណ៍​ប៉ុណ្ណោះ។

ចំណែក​ប្រភព​ MARCA បាន​បញ្ជាក់​ថា​ Pepe ព្យាយាម​អន្ទង ​Ronaldo ទៅ​លេង​នៅ​ក្លឹប​មាន​មូលដ្ឋាន​ទីក្រុង​ប៉ារីស​ ហើយ​ក្លឹប​មួយ​នេះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ទាំង​ពីរ​ ដោយ​ខ្សែ​ការពារ​វ័យ​៣៤​ឆ្នាំ​និយាយ​ដូចនេះ៖” តោះ! ទៅ PSG ជាមួយ​គ្នា។”

Ronaldo ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទំនាក់ទំនង​ជិត​ស្និទ​បំផុត​ជាមួយ ​Pepe ដោយ​ពួក​គេ​ទាំង​ពីរ​នាក់​ចំណាយ​ពេល​ច្រើន​លេង​ជាមួយ​គ្នា​នៅ​ក្នុង​ជម្រើស​ជាតិ​ និង​ Real Madrid។ ហើយ​ពេល​នេះ​ពួក​គេ​ក៏​លេង​ជាមួយ​គ្នា​ទៀត​ក្នុង​ពាន​ Confederations Cup នៅ​រុស្សី។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ចាប់​វីដេអូ​បាន​ អំឡុង​ពេល​ប្រកួត​យប់​មិញ​ ហើយ​បើ​តាម​ Metro Sport និយាយ​ថា​ Pepe នឹង​ប្រឹង​អស់​សមត្ថភាព​ក្នុង​អន្ទង ​Ronaldo ទៅ​លេង​នៅ​បារាំង។ អតីត​ខ្សែ​ការពារ​កណ្ដាល​លេង​នៅ​ស្ដេច​ស​១០​ឆ្នាំ​រូប​នេះ​បាន​ផុត​កំណត់​កុង​ត្រា​ជាមួយ​ក្លឹប​ហើយ​ៗ រដូវ​កាល​ថ្មី​នេះ​ រូប​គេ​នឹង​ទៅ​លេង​នៅ​ក្លឹប​មហាសេដ្ឋី​បារាំង​ PSG៕