បាល់ទាត់៖ ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ បាន​ត្រឹម​ស្មើ​ក្រុម​ជម្រើស​ជាតិ​មិកស៊ិកូ ២-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ FIFA Confederation Cup 2017 ពូល ​A កាល​ពី​យប់​មិញ​ក្នុង​កីឡដ្ឋាន ​Kazan Arena ប្រទេស​រុស្សី។

២​គ្រាប់​របស់​ព័រទុយហ្គាល់ ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ស្លាប​ Ricardo Quaresma នាទី​៣៥ (Assist C. Ronaldo) ​និង​ Cedric Soares នាទី៨៦ (Assist  Gelson) ខណៈ ​ក្រុម​ជើង​ឯក​មក​ពី​អាមេរិក​ខាង​ជើង​មិកស៊ិកូ​រក​បាន​ដោយ​  Javier Hernandez នាទី​៤២​និង​ Hector Moreno ចុង​ម៉ោង​នាទី​៩០+១។

ទោះបីជា​លទ្ធផល​ស្មើ​គ្នា​យ៉ាង​នេះ​ក្តី​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ព័រទុយហ្គាល់ ដែល​កំពុងប្រកប​អាជីព​នៅ​ក្លិប Real Madrid ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​​ដាក់​ងារ​ជា​កីឡាករ​ឆ្នើម​ជាង​គេ​ប្រចាំ​ការ​ប្រកួត ឬ​ហៅ​ថា Man of the Match។

លទ្ធផល​នេះ​ ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ទទួល​បាន​ម្ខាង​១​ពិន្ទុ​ ឈរ​លេខ​២​ លេខ​៣​ គិត​លើ​តារាង​បណ្ដោះ​អាសន្ន​ ខណៈម្ចាស់​ផ្ទះ​រុស្សី​ ឈរ​កំពូល​តារាង​ពូល ​A មាន​៣​ពិន្ទុ​ ហើយ​នូវ៉ែលហ្សេឡង់​នៅ​បាតតារាង​មាន​០​ពិន្ទុ។

ប្រកួត​បន្ទាប់​ ព័រទុយហ្គាល់​នឹង​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​រុស្សី​ វេលា​ម៉ោង​១០​និង​០០​នាទី ​ថ្ងៃ​ទី​២១​ ខែ​មិថុនា​ ខណៈ​មិកស៊ិកូ​ ​ត្រូវ​ជួប​​នូវ៉ែលហ្សេឡង់​ វេលា​ម៉ោង​១​និង​០០​នាទី​រំលង​អាធ្រាត​ យប់​ថ្ងៃ​ទី​២២​ខែ​មិថុនា៕

ទស្សនាវីដេអូហាយឡាយខាងក្រោម៖

[youtube id=”P6nYDG-xp04″]