បាល់ទាត់៖ ខ្សែប្រយុទ្ធ Spurs ម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុន Harry Kane បានកំណត់គោលដៅធ្វើយ៉ាងណា រកគ្រាប់បាល់ឲ្យបាន៥០គ្រាប់ សម្រាប់ក្រុមនៅរដូវកាលក្រោយ បន្ទាប់ពីបង្ហាញទម្រង់លេងបានល្អក្នុងឆ្នាំ២០១៦/២០១៧។
ទោះបីជាញ៉ាំញីដោយរបួស, Kane នៅតែអាចរកគ្រាប់បាល់បាន២៩គ្រាប់ ក្នុងការចូលលេង៣០ប្រកួតនៅ Premier League ឈ្នះស្បែកជើងមាស២រដូវកាលជាប់គ្នា។ បើនិយាយគ្រប់ការប្រកួតក្នុងកម្មវិធីផ្សេងៗ Kane រកបាន៣៥គ្រាប់គឺជារដូវកាលជោគជ័យបំផុតរបស់គាត់ ប៉ុន្តែសម្រាប់រដូវកាលក្រោយ រូបគេមានគោលបំណងឈរជើងក្នុងចំណោមកីឡាករខ្លាំងៗរកឲ្យបាន៥០គ្រាប់។
Kane និយាយក្នុងវេបសាយ Football365 ថា៖“ ៥០គ្រាប់គោលដៅខ្ញុំ គួរតែទទួលបាននៅរដូវកាលក្រោយ។ សង្ឃឹមថាខ្ញុំអាចរក្សាភាពមាំមួនពេញមួយរដូវកាល។ គោលបំណង៥០គ្រាប់គឺជាអ្វីដែលដែលខ្ញុំចង់សម្រេចបាន។”
កីឡាករវ័យ២៣ឆ្នាំបនបន្តទៀតថា៖” ឲ្យតែបានទៅលេងនៅ World Cup ទោះបីមិនឈ្នះពានក៏ដោយខ្ញុំនៅតែពង្រឹងហើយធ្វើការធ្ងន់ តែយ៉ាងណាខ្ញុំនៅតែសម្លឹងភាពជោគជ័យទៅថ្ងៃមុខទៀតជាមួយ Spursនិងជម្រើសជាតិអង់គ្លេស។”
Harry Kane ចាប់ផ្ដើមលេងនៅលេងឈុតធំរបស់ Spurs តាំងពីឆ្នាំ២០០៩ រកបាន៧៨គ្រាប់ក្នុងការចូលលេង១១៣ប្រកួតខណៈក្នុងជម្រើសជាតិអង់គ្លេសបាន៨គ្រាប់ក្នុង១៩ប្រកួត៕
ប្រភព៖ Football365