ព័ត៌មាន​ដោះដូរ​កីឡាករ​ក្នុង​ថ្ងៃ​នេះ​មាន​ច្រើន​ករណី​ ប៉ុន្តែ​យើង​សូម​លើក​យក​ព័ត៌មាន​ជាប់​ទាក់ទង​ទៅ​នឹង​ការ​ទិញ​ដូរ​កីឡាករ​របស់ ​Man Utd ដែល​កំពុង​តែ​ផ្សាយ​ក្នុង​គេហទំព័រ​ល្បី​ៗ​ក្នុង​ពិភពលោក។ ខណៈ​ដែល​បិសាច​ក្រហម​កំពុង​រៀប​ចំ​ការ​ដោះដូរ​កីឡាករ​ដ៏​ធំ​មួយ​សម្រាប់​រដូវ​កាល​ក្រោយ ស្រប​ពេល ​Jose Mourinho ​ជួយ​ក្លឹប​មួយ​នេះ​មាន​កៅអី​លេង ​Champions League ផង​នោះ ​គឺ៖

១- Man Utd បាន​បដិសេធ​សំណើ​របស់ ​Real Madrid ដែល​ហ៊ាន​ចំណាយ​លុយ​៦០​លាន​ផោន​ ទិញ​យក​កំពូល​អ្នក​ចាំ​ទី​របស់​ខ្លួន ​Devid De Gea

តាម​ប្រភព Sky Sports News , Manchester United បាន​បដិសេធ​ជា​ផ្លូវ​ការ ​ក្នុង​ការ​លក់​អ្នក​ចាំ​ទី​ជន​ជាតិ​អេស្ប៉ាញ​ ឲ្យ​ទៅ ​Real Madrid ក្រោយ​ពេល​ក្លឹប​យក្ស​មួយ​នេះ​ទម្លាក់​ទឹក​ប្រាក់​៦០​លាន​ផោន​។ កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ ​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​កីឡដ្ឋាន​ Santiago Bernabeu ប៉ុន្តែ ​United បាន​បដិសេធ​លក់​ឲ្យ​ហើយ​ថែម​ទាំង​បាន​និយាយ​ថា ទោះ​បី​ជា​ក្លឹប​មួយ​នេះ ​ចំណាយ​លុយ​ច្រើន​យ៉ាង​ណា​ក៏​មិនលក់​សោះ​ឡើយ។

២-​Mourinho លួច​ទាក់ទង​ Morata ជា​សម្ងាត់

គ្រូ​បង្វឹក​លោក Jose Mourinho បាន​ទាក់ទង​ខ្សែ​ប្រយុទ្ធ Alvaro Morata ជា​សម្ងាត់​ក្នុង​លក្ខណៈ​ផ្ទាល់​ខ្លួន ​ដើម្បី​ពិភាក្សា​ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ ​Old Trafford។ AC Milan ចង់​បាន​កីឡាករ​វ័យ​២៤​ឆ្នា​ទៅ​លេង​នៅ​អ៊ីតាលី​ក្នុង​តម្លៃ​ខ្លួន​៦០​លាន​ផោន​ ប៉ុន្តែ​ Mourinho បាន​និយាយ​ប្រាប់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ថា​ Morata អាច​ក្លាយ​ជា​កីឡាករ​លេង​ដំណែង​លេង​៩​ល្អ​បំផុត​ក្នុង​ពិភព​លោក​នៅ ​Manchester United។