លោក ​Zinedine Zidane ​បាន​បញ្ជាក់​ពី​គុណសម្បត្តិ​របស់​លោក​ Guti​ អាច​ជា​គ្រូ​បង្វឹក​ក្រុម​ Real Madrid​ នា​ពេល​អនាគត​បន្ទាប់​ពី​អតីត​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ បាន​សារភាព​ថា​​មាន​មហិច្ឆតា​ចង់​កាន់​កាប់​កៅអី​ដែល​កំពុង​តែ​ក្ដៅ​បណ្ដើរ​​ៗ​នៅ​ Santiago Bernabeu ។

Zidane កំពុង​ស្ថិត​ក្នុង​សម្ពាធ​នៅ​រដូវ​កាល​នេះ​ ជាមួយ​នឹង​ការ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង ​La lig, Barcelona ដល់​ទៅ​១៧​ពិន្ទុ​​ហើយ​ពាន ​Copa del Rey ក៏​បាន​ធ្លាក់​ដោយសារ​ថ្វី​ជើង​ Leganes។ Guti ​បច្ចុប្បន្ន​កំពុង​បង្វឹក​ក្រុម​យុវជន​ និយាយ​គាំទ្រ ​​Zidane ក្នុង​កាសែត​ El Chiringuito ហើយ​លោក​ក៏​បាន​បន្ថែម​ថា​មាន​គោល​បំណង​ចង់​ដឹកនាំ ​Real Madrid នៅ​ថ្ងៃ​ណា​មួយ។

អនាគត​របស់ ​Zidane នឹង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ ប្រសិន​បើ ​Real Madrid មិន​អាច​យក​ឈ្នះ ​Paris Saint-Germain ក្នុង​ការ​ប្រកួត ​Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១​នៅ​យប់​នេះ ​ប៉ុន្តែ​គាត់​រីករាយ​នឹង​ឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់​មក​ស្នង​ដំណែង​គ្រូ​បង្វឹក​នៅ​ពេល​ណា​មួយ។

ពិតណាស់! ខ្ញុំ​ឃើញ​គាត់​មាន​សមត្ថភាព​អាច​ធ្វើ​រឿង​នេះ​បាន​។ គាត់​កំពុង​រៀប​ចំ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​គ្រូ​បង្វឹក​ក្នុង​ពេល​អនាគត​ហើយ​អាច​ក្លាយ​ជា​គ្រូ​បង្វឹក​ Real Madrid ទៀត​ផង”។

“ គាត់​សាកសម​ណាស់​ហើយ​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ចេញ​ពី​ក្លឹប​មួយ​នេះ​។ គាត់​តែងតែង​នៅ​ទីនេះ ​ហើយ​ថ្ងៃ​មួយ​យើង​នឹង​ឃើញ​ក្ដី​សុបិន​របស់​គាត់​ជោគជ័យ”