Alexandre Lacazette នឹងត្រូវសម្រាកយើងហោចណាស់ចន្លោះពី៤ទៅ៦សប្ដាហ៍ ក្រោយពេលវះកាត់របួសជង្គង់ នេះបើតាមការប្រកាសពីក្រុមកាំភ្លើងធំ Arsenal ក្នុងវេបសាយផ្លូវការរបស់ខ្លួន។
សេចក្ដីថ្លែងការណ៍របស់ Arsenal និយាយថា៖” តាមរយៈការវិនិច្ឆ័យដោយជោគជ័យគាត (Lacazette)នឹងត្រូវទទួលបានការវះកាត់ហើយកីឡាករនឹងត្រូវខកខានប្រហែល៤ទៅ៦សប្ដាហ៍”។
កីឡាករវ័យ២៦ឆ្នាំកំពុងបាត់បង់កៅអីលេងជម្រើសដំបូង១១នាក់ក្រោយការមកដល់របស់ Pierrie-Emerick Aubameyang ដែលបានធ្វើឲ្យខកខានឱកាសមាស២ដងពេលប្រកួតចាញ់ Spurs ១ទល់០ហើយក្រោយប្ដូរចូលក្នុងនាមជាកីឡាករបម្រុង។
Lacazette បានមកចូលរួមជាមួយ Arsenal ក្នុងតម្លៃ៥២លានផោនកាលពីដើមរដូវកាលហើយបង្ហាញទម្រង់លេងបានល្អក្នុងដំណាក់កាលដំបូងនៅ Emirates ដោយរកបាន៤គ្រាប់ក្នុងចំណោម៦ប្រកួតដំបូងឲ្យក្លឹប។
របួសនេះនឹងធ្វើឲ្យគាត់ខកខានឱកាសលេងក្នុងពាន Europa League វគ្គ៣២ក្រុមចុងក្រោយជាមួយក្រុម Ostersunds និងការប្រកួតវគ្គ១៦ក្រុមចុងក្រោយដែលនឹងធ្វើការប្រកួតនៅថ្ងៃទី៨ និង១៥មីនា។ រូបគេក៏ត្រូវអវត្តមានក្នុងការប្រកួតពានCarabao Cup វគ្គផ្ដាច់ព្រ័ត្រជាមួយ Manchester City នៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៥កុម្ភៈ៕