អតីតខ្សែការពារកណ្ដាលក្លឹប Chelsea និង Real Madrid កីឡាករ Ricardo Carvalhoត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ខែ ដោយសារមិនបង់ពន្ធអំឡុងប្រកបអាជីពនៅកីឡដ្ឋាន Bernabeu ឆ្នាំ២០១១-២០១២។
ខ្សែការពារវ័យចំណាស់ត្រូវបានគេដឹងថា ត្រូវបានតុលាការអេស្ប៉ាញកាត់ទោសពីការមិនបង់ពន្ធអំពីប្រាក់ចំណូលនៅពេលដែលរូបគេលេងឲ្យ Real Madrid ។ Carvalho បច្ចុប្បន្ននេះលេងនៅក្លឹប Shanghai SIGP លីក Chinese Super League របស់ប្រទេសចិន ប៉ុន្តែរូបគេនៅតែប្រឈមមុខជាមួយនឹងច្បាប់របស់អេស្ប៉ាញ។
តុលាការអេស្ប៉ាញចង់ឲ្យកីឡាករ បង់ប្រាក់ ២៦៩០០០ផោន និងជាប់ពន្ធនាគារ១២ខែ ប៉ុន្តែពេលវេលានៃការជាប់ទោសត្រូវកាត់បន្ថយមកសល់៧ខែវិញ ហើយត្រូវចំណាយត្រឹម១២៨០០០ផោនវិញ។ កីឡាករវ័យ៣៩ឆ្នាំត្រូវបានគេដឹងថាបានលាក់លុយមិនបង់ពន្ធចំនួន៤៨៨៥០០ផោនមិនឲ្យអាជ្ញាធរដឹងហើយលុយនេះក៏ត្រូវដកយកមកវិញដែរ។
Carvalho ធ្លាប់ឈ្នះពាន៣អំឡុងលេងឲ្យ Chelsea ក្រោមការដឹកនាំរបស់ Jose Mourinho ហើយពេលតាមលោក Jose មកលេងនៅ Real, រូបគេក៏បានជួយក្លឹបឈ្នះពាន La ligaបានម្ដងដែរ។ ក្នុងជម្រើសជាតិរូបគេក៏ជាផ្នែកមួយជួយព័រទុយហ្គាសល់ឈ្នះពាន Euro 2016 នឹងអាជីពដំបូងបំផុត ឈ្នះពានលីកកំពូលព័រទុយហ្គាល់៣ដង និង Champions League ម្ដងជាមួយ Porto៕