លោក Pep Guardiola គ្រូ​បង្វឹក​ Man City បាន​បដិសេធ​ថា​ក្រុម​របស់​លោក​មិន​មែន​ជា​ក្រុម​អាច​ឈ្នះ​ Champions League ​នៅ​ឆ្នាំ​នេះ​នោះ​ទេ។

លទ្ធផល​ល្អ​ក្នុង​ Premier League របស់​ Man City បាន​ធ្វើ​ឲ្យ​ពួក​គេ​ឈរ​កំពូល​តារាង ​Premier League លើស​ក្រុម​លេខ​២​Manchester United ១៥​ពិន្ទុ​រាប់​ទាំង​ឈ្នះ​ Newscastle United ១​ទល់​០កាល​ពី​យប់​មិញ​ក្នុង​កីឡដ្ឋាន​ St James’ Park ដែល​នេះ​ជា​កំណត់​ត្រា​ឈ្នះ​១៨​ប្រកួត​ក្នុង​រដូវ​កាល។

ខណៈ​ពេល​ដែល​ក្រុម​មួយ​នេះ​កំពុង​តែ​ល្អ​នៅ​ Premier League, Manchester City ក៏​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​Champions League ដែរ​ដោយ​ឈ្នះ​៥​ប្រកួត​ក្នុង​ចំណោម​៦​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូល​ហើយ ​ពួក​គេ​ឡើង​មក​ជួប​ FC Basel ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ទោះ​បី​ជា​ក្លឹប​របស់​លោក​កំពុង​បង្ហាញ​ទម្រង់​លេង​បំផុត​ក្នុង​រដូវ​កាល​នេះ​ទាំង​ក្នុង​លីក​និង​Champions League គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​ជឿ​ថា ​Barcelona ដែល​កំពុង​ឈរ​កំពូល​តារាង​La liga លើស​ Real Amdrid ១១​ពិន្ទុ​ក្រោយ​ឈ្នះ​៣​ទល់​០​ក្នុង​ជំនួប​ El Clasico នៅ​តែ​ជា​ក្រុម​ដែល​អាច​ឈ្នះ​ Champions League ក៏​ព្រោះ​តែ ​Messi លេង​នៅ​ទី​នោះ។

ពេល​សួរ​ថា​អាច​ទេ​ដែល ​City ជា​ក្រុម​មាន​ភាគរយ​ឈ្នះ​ពាន​ Champions League រដូវ​កាល​នេះ​?​គាត់​ឆ្លើយ​ថា​៖” ក្រុម​ណា​ដែល​មាន​Messi លេង​ ក្រុម​នោះ​ហើយ​ដែល​មាន​ភាគរយ​ខ្ពស់”