តាមប្រភពកាសែតសេដ្ឋកិច្ចរបស់អេស្ប៉ាញ El Ecomista; Real Madrid បានបាត់បង់លុយ៤០០លានអឺរ៉ូ ក្រោយបរាជ័យលើកិច្ចព្រមព្រៀងលក់សិទ្ធកីឡដ្ឋាន ( Brand’s name) ដែលនេះមានន័យថា ពួកគេចាំបាច់លក់កីឡាករមួយចំនួនក្នុងរដូវកាលនេះ ដើម្បីយកលុយសាងសង់គម្រោង Galatico ឡើងវិញ។
ក្លិបយក្សអេស្ប៉ាញមួយនេះ ត្រូវបានផ្តល់អាជ្ញាប័ណ្ណដោយរដ្ឋាភិបាល ដើម្បីចាប់ផ្តើមជួសជុលកីឡដ្ឋាន Santiago Bernabeu ដ៏ល្បីល្បាញរបស់ពួកគេ ប៉ុន្តែពេលនេះកំពុងស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពីបញ្ហាជាមួយនឹងកិច្ចព្រមព្រៀងដាក់ឈ្មោះរបស់ពួកគេបរាជ័យ។
ដើមឡើយ ‘Los Blancos’ មានផែនការផ្ដល់ហិរញ្ញប្បទានដល់ការជួសជុលនេះ តាមរយៈការធានាកិច្ចសន្យា ដ៏ធំបំផុតក្នុងវិស័យកីឡាបាល់ទាត់ ជាមួយក្រុមហ៊ុនប្រេងអេស្ប៉ាញ Cespaដែលបានព្រមព្រៀងគ្នានៅឆ្នាំ២០១៤។ ប៉ុន្តែតាមប្រភពកាសែតខាងលើ បាននិយាយកាលពីថ្ងៃសុក្រថា លុយនៃកិច្ចព្រមព្រៀងសំណើ៤០០លានអឺរ៉ូ ត្រូវបានលប់ចោល ដោយសារតែក្រុមហ៊ុនមូលនិធិវិនិយោគអាប៊ូដាប៊ី Mubadala ជឿថាគម្រោងកែលម្អកីឡដ្ឋានថ្មី ត្រូវបានកាត់បន្ថយ ហើយមិនទាន់បានកំណត់ពេលវេលាជាក់លាក់។
ពេលនេះ ក្លឹបកំពុងស្វែងរកអ្នកឧបត្ថម្ភថ្មី ប៉ុន្តែបើពួកគេរកបានមិនបានទេនោះ នោះពួកគេនឹងប្រឈមមុខនឹងបញ្ហាចំណាយ លើហិរញ្ញវត្ថុរបស់ខ្លួនក្នុងរដូវកាលនេះមិនខាន។ លោក Florentino Perez ត្រូវបានគេរាយការណ៍មកថា កំពុងតាមដាន Eden Hazard, Harry Kane និង Neymar ។ទោះបីជាយ៉ាងនេះក្ដី ថ្នាក់ដឹកនាំ Real Madrid មានជម្រើសតែ២ប៉ុណ្ណោះ បើចង់បានកីឡាករបីនាក់ខាងលើគឺត្រូវលក់ Isco ឬក៏ Raphael Varane។
ជម្រើសមួយទៀតគឺថា កុំទិញកីឡាករចូល ទោះបីជា Real Madrid ធ្លាក់ចុះទម្រង់លេងក៏ដោយ ហើយការត្រៀមសម្រាប់រដូវកាលក្រោយ ពួកគេនឹងពិបាក បើចង់ប្រជែងពាន La liga ឡើងវិញ៕