ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានមកដល់មាតុភូមិវិញមួយរយៈហើយក្រោយចែកផ្លូវជាមួយ Pahang FA និងបានបង្ហាញមុខជាសាធារណៈក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ឆ្នាំ២០១៨ក្នុងនាមជាអត្តពលិកដ៏មានកិត្តិយសម្នាក់ក្នុងចំណោម៣នាក់ដែលត្រូវបានជ្រើសរើសទៅទទួលព្រះរាជភ្លើងប្រទានផ្ទាល់ដោយព្រះមហាក្សត្រដើម្បីបើកកីឡាជាតិ។
ពិតណាស់ វឌ្ឍនាកា ធ្លាប់បានអះអាងថានៅក្នុងប្រទេសរូបគេស្រលាញ់បឹងកេតនិងចង់លេងឱ្យបឹងកេត។ ប៉ុន្តែសម្រាប់អាជីពជុំទី២ក្នុងឆ្នាំ២០១៨នេះ រូបគេនឹងបន្តប្រឡូកនៅលីគបរទេសបន្តទៀត។
ម្ចាស់ស្បែកជើងមាសពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនិងពានរង្វាន់សម្ដេចហ៊ុនសែនច្រើនរដូវកាល បង្ហើបប្រាប់ថា៖ “ខ្ញុំនឹងបន្តលេងនៅក្រៅប្រទេស។ មកទល់ពេលនេះ ការចរចាត្រូវរ៉ូវគ្នាប្រហែល៨០ភាគរយហើយ។ ប្រហែល១ទៅ២សប្ដាហ៍ទៀតការចរចានឹងរួចរាល់ជាស្ថាពរ ប៉ុន្តែខ្ញុំសូមរក្សាសិទ្ធិមិនទាន់បង្ហើបថាជាក្លិបនៅប្រទេសណានោះទេ។”
សូមបញ្ជាក់ថា វឌ្ឍនាកា ផ្ដើមប្រកបអាជីពនៅបរទេសលើកដំបូងក្នុងឆ្នាំ២០១៧ ដោយចូលរួមក្លិប Fujieda MYFC នៅលីគទី៣ជប៉ុន ក្រោមកិច្ចសន្យាខ្ចី១រដូវកាលពី បឹងកេត។ ក្រោយចេញពីជប៉ុន វឌ្ឍនាកា ទៅលីគកំពូលម៉ាឡេស៊ី ដោយចូលរួមក្លិបធំបំផុតមួយនៅទីនោះ Pahang FA ក្រោមកិច្ចសន្យា១រដូវកាល ប៉ុន្តែចំណងរវាងភាគីទាំងពីរដំណើរការបានពាក់កណ្ដាលផ្លូវក៏ឈានដល់ផ្លូវបំបែកក្នុងខែឧសភាកន្លងទៅ។
ប្រភព & រូបភាព៖ CNCC