អ្នកចាំទី Petr Cech ​របស់ Arsenal ​យល់​ឃើញ​ថា​ការ​លេង​នៅ​ក្នុង​ពាន​រង្វាន់ Europa League ​រដូវ​កាល​ក្រោយ នឹង​មិន​អាក្រក់​ពេក​​ទេ​សម្រាប់​ក្លិប​​កាំភ្លើង​ធំ ខណៈ​​ពួកគេ​នៅ​មាន​សង្ឃឹម​អ៊ុត​ឱកាស Champions League នៅ​ថ្ងៃ​បិទ​រដូវ​កាល Premier League នៅ​ឡើយ​ដែរ​។

បើ​សិន Arsenal ​ឈ្នះ Everton នៅ​ថ្ងៃ​អាទិត្យ ពួក​គេ​ត្រូវ​ការ​ឃើញ Liverpool ​ស្មើ Middlesbrough ឬ Manchester City ​ចាញ់ Watford ​ច្រើន​គ្រាប់ ទើប​ពួក​គេ​អាច​​ឡើង​ចូល​​​​ Top 4 ​បាន​។ ប៉ុន្តែ​​លទ្ធភាព​នេះ​មិន​ងាយ​នឹង​កើត​ឡើង​ឡើយ​។ ដូច្នេះ​ប្រសិន​បើ​ពួក​គេ​បញ្ចប់​រដូវ​កាល​ក្នុង​ចំណាត់​ថ្នាក់​ទី​៥ ក្រុម​លោក Arsene Wenger ​នឹង​​បាន​លេង​ត្រឹម​ពាន Europa League រដូវ​កាល​២០១៧-១៨ ជា​ពាន​ដែលពួក​គេ​មិន​​ដែល​លេង​សោះ​១៧​ឆ្នាំ​មក​នេះ​។

ប៉ុន្តែ Cech ដែល​ឈ្នះ​ពាន​ក្លិប​អាជីព​ទី​២​ទ្វីប​អឺរ៉ុប​ជាមួយ Chelsea ក្នុង​ឆ្នាំ​២០១៣​ យល់​ថា​ពាន​រង្វាន់នេះ​សម​នឹង​ទទួល​បាន​ការ​គោរព ជា​ពិសេស​ជើងឯក​ពាន​នេះ​ឥឡូវ​ទទួល​បាន​កៅអី Champions League ​ដោយ​ស្វ័យ​ប្រវត្តិ​។

ប្រធាន​ក្រុម​ជម្រើស​ជាតិ​ឆេក​ខាង​លើ និយាយ​ថា​៖ “ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​មួយ​គឺ​ជា​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​។ ខ្ញុំ​ត្រូវ​និយាយ​ថា​អ្នក​ចង់​បាន Champions League ជាង Europa League ប៉ុន្តែ​អ្នក​​អាច​មើល​ឃើញ​កាន់​តែ​ច្រើន​ឡើង​ៗ​ថា​​ ក្រុម​ធំ​ៗ​​គោរព​ពាន Europa League ពីព្រោះ​វា​ជា​ពាន​ទ្វីប​អឺរ៉ុប​។ ហើយ​ឥឡូវ​អ្នក​អាច​ជាប់​ទៅ​លេង Champions League ទៀត​ផង (តាម​រយៈ​ការ​ឈ្នះ​ Europa League)​។ ខ្ញុំ​ធ្លាប់​លេង​ពាន​នេះ​ម្ដង ហើយ​ខ្ញុំ​ឈ្នះ​វាដែល​ជា​អនុស្សាវរីយ៍​ដ៏​មហស្ចារ្យ​មួយ​។ តែ​ពិត​ណាស់ ខ្ញុំ​ចង់​លេង Champions League ជាង​។ តែ​រង់​ចាំ​មើល​ថា​អ្វី​នឹង​កើត​ឡើង​​”​៕