ប្រភព​កាសែត​អេស្ប៉ាញ El Chiringuito, Real Madrid បាន​ទាក់ទង​ជាមួយ​នឹង​ Mohamed Salah ដើម្បី​ពិភាក្សា​​ធ្វើ​យ៉ាង​អាច​នាំ​យក​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​ ទៅ​លេង​នៅ​អេស្ប៉ាញ​ក្នុង​រដូវ​ដោះដូរ​កីឡាករ​រដូវ​កាល​ក្រោយ។

ចាប់​តាំង​ពី​បាត់​បង់ ​Philippe Coutinho ទៅ​កាន់​ Barcelona មក Jurgen Klopp កំពុង​មាន​ទំនុក​ចិត្ត​ជាមួយ​​នឹង​ទម្រង់​កីឡាករ​វ័យ​២៥​ឆ្នាំ​ ដែល​បង្ហាញ​ទម្រង់​លេង​រក​បាន​២៤​គ្រាប់​ក្នុង​ចំណោម​៣០​ប្រកួត​ឲ្យ​ហង្សក្រហម។ គ្រាប់​បាល់​សរុប​១៧​គ្រាប់​ក្នុង​២១​ប្រកួត​នៃ​ពាន ​Premier League បាន​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ដែល​មាន​កំណត់​ត្រា​រក​គ្រាប់​បាល់​គិត​ជា​នាទី​ល្អ​ជាង​គេ​ក្នុង​លីក​កំពូល​អង់គ្លេស។​

 

បើ​និយាយ​ពី​ទម្រង់​លេង​ក្នុង​ពេល​បច្ចុប្បន្ន ​រូប​គេ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​កីឡាករ​លេង​ល្អ​ជាង ​Ronaldo និង​ Messi ក្នុង​រដូវ​កាលនេះ។ Real Madrid សង្ឃឹម​ថា​នឹង​អាច​អន្ទង​យក​ Salah ចេញ​ពី ​Liverpool ខណៈ​ដែល​ក្រុម​របស់ ​Zidane ត្រូវ​ការ​ពង្រឹង​អ្នក​រក​គ្រាប់​បាល់​ដែល​កំពុង​តែ​ធ្លាក់​ចុះ​ខ្លាំង ​ហើយ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង ​Barcelona ១៩​ពិន្ទុ​។

Salah​ មក​លេង​នៅ Liverpool ក្នុង​តម្លៃ​៤០​លាន​ផោន ​ហើយ​រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​បំផុត​ក្នុង​ថ្ងៃ​ដោះដូរ​កីឡាករ​ឆ្នាំ​២០១៨​ ខណៈ​អ្នក​តំណាង​របស់​កីឡាករ​អេហ្ស៊ីប​រូប​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​ម៉ាឌ្រីដ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន៕