តាម​ប្រភព​ Daily Mail បាន​ឲ្យ​ដឹង​ថា​ Real Madrid ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ ​Eden Hazard ពី​ Chelsea​រៀង​រហូត​ទោះ​បី​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ក៏​ដោយ​ពី​ព្រោះ​លោក​ Zidane ពេញ​ខ្លាំង​លើ​កីឡាករ​រូប​នេះ។

កាសែត​អង់គ្លេស​ខាង​លើ​បាន​រាយការណ៍​ថា​​ខណៈ​ដែល ​Real Madrid នៅ​តែ​ចាប់​អារម្មណ៍​ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ដាក់​សំណើ​អី​មួយ​ទៅ​ឲ្យ​ Chelsea ពិនិត្យ​នោះ​ឡើយ​ដោយ​មាន​ន័យ​ថា​ ចាប់​ចិត្ត​ស្រឡាញ់​តែ​មិន​ឈាន​ដល់​ម៉ែឪ។

ការ​ចង់​បាន​នេះ​គឺ​ដើម្បី​ត្រៀម​ទុក​ជំនួស​ Ronaldo ដែល​មាន​វ័យ​ចាស់​ទៅ​ហើយ​ខណៈ​ពេល​ដែល ​Gareth Bale ក៏​មាន​អនាគត​មិន​នឹងធឹង​ជាមួយ​ Real Madrid នោះ​ទៀត។គេ​បាន​ដឹង​ថា​យ៉ាង​ហោច​ណាស់ ​Hazard​មាន​តម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​១០០​លាន​ដែរ​ប៉ុន្តែ​ដោយ​សារ​រូប​គេ ​មាន​វ័យ​ក្មេង​ជាង​ Ronaldo ដល់​ទៅ​៦​ឆ្នាំ​ពួក​គេ​នឹង​អាច​ឈាន​ដល់​ម៉ែឪ​ (Chelsea)នា​ពេល​អនាគត។

ក្នុង​រដូវ​កាល​នេះ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​រក​បាន​១៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤២​ប្រកួត​ហើយ​ស្ថិតិ​នេះ ​វា​មិន​បាន​ធ្វើ​ឲ្យ​ Real Madrid ភ្ញាក់​ផ្អើល​នោះ​ទេ​គឺ​ពួក​គេ​នៅ​តែ​រក្សា​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះក្នុង​បញ្ជី​ទិញ​របស់​ខ្លួន​ដដែល៕