លើក​លែង​តែ​អនុលោម​តាម​ច្បាប់​ ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ គឺ​ជា​កំឡុង​ពេល​ក្លឹប​នីមួយៗ​ដោះស្រាយ​ចំណុច​ខ្វះខាត​របស់​ខ្លួន​​ ប៉ុន្តែ​ គ្រូ​បង្វឹក ​Real Madrid លោក Zinedine Zidane សុខ​ចិត្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ​ជាមួយ​នឹង​កីឡាករ​របស់​គាត់។

Real Madrid បាន​ក្លាយ​ជា​ក្លឹប​តែ​មួយ​គត់ ​ក្នុង​លីក​កំពូល​អេស្ប៉ាញ ​La liga ដែល​បង្ហាញ​ការ​អត់​ធ្មត់​ មិន​ទិញ​លក់​កីឡាករ​អំឡុង​ទីផ្សារ​បើក​ក្នុង​ខែ​មករា​ឆ្នាំ​២០១៨​នេះ​។ កុំ​ថា​ឡើង​ចុះ​កុង​ត្រា​ទិញ​យក​កីឡាករ​ថ្មី​សូម្បី​តែ​ម្នាក់ ​​ប៉ុន្តែ​ស្ដេច​ស​ក៏​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​របស់​ខ្លួន​ណា​ម្នាក់ ​ចាក​ចេញ​ដែរ​​ ទោះ​បី​ត្រឹម​ខ្ចី​ជើង​ក៏​ដោយ។

ក្លឹប​ទាំង​១៩​នៅ​ក្របខ័ណ្ឌ ​La liga បាន​ជ្រលក់​មេ​ជើង​ចូល​ទៅ​ក្នុង​ទឹក​ (មាន​ន័យ​ថា​ទិញ​ដូរ​ដោះ​កីឡាករ) ទោះ​បី​ជា​អំឡុង​ដោះដូរ​ក្នុង​ខែ​មករា​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​ក្នុង​ការ​ទិញ​។ ​ក្លឹប​ជា​ច្រើន​បាន​បញ្ចេញ​កីឡាករ​ជា​ច្រើន​ ដែល​ពួក​គេ​ឈប់​ត្រូវ​ការ​ ​តារា​ល្បី​ៗ​មិន​សូវ​បង្ហាញ​ខ្លួន​តែ​ប្រាក់​ឈ្នួល​ខ្ពស់​ ឬ​ក៏​កីឡាករ​វ័យ​ក្មេង​ត្រូវ​ការ​ចូល​លេង​ឈុត​១១​នាក់​ដំបូង​ យក​បទ​ពិសោធន៍​ហើយ​ខ្លះ​ទៀត​ ដើម្បី​ពង្រឹង​ក្នុង​គោលដៅ​របស់​ខ្លួន​នីមួយ​ៗ​ពេល​ចប់​រដូវ​កាល។

ឧទាហរណ៍៖​ Barcelonaដែល​ជា​គូប្រជែង​ របស់​ Real, Valencia, និង ​At. Madrid សុទ្ធ​តែ​នាំ​ចូល​កីឡាករ​មាន​គុណភាព​ ដើម្បី​ពង្រឹង​ក្រុម​របស់​ខ្លួន​មុន​ពេល​ទ្វារ​ដោះដូរ​កីឡាករ​បិទ​នៅ​យប់​ថ្ងៃ​ពុធ។ លើស​ពី​នេះ​ពួក​គេ​បាន​ដោះលែង​កីឡាករ​មួយ​ចំនួន ​ដើម្បី​ទុក​កន្លែង​ឲ្យ​កីឡាករ​ថ្មី​​ ឬ​ក៏​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ឈ្នួល។

មិន​ដូច ​Zidane គិត​! គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​ បាន​យក​ជម្រើស​ជឿជាក់​លើ​កីឡាករ​របស់​ខ្លួន​ដែល​មាន​ស្រាប់​​ ហើយ​នយោបាយ​របស់​ក្លឹប ​ក៏​មិន​បាន​បង្ហាញ​គម្រោង​ជាក់លាក់​រឿង​ទិញ​កីឡាករ​នេះ​ដែរ​ ដោយ​មាន​ត្រឹម​តែ​ព័ត៌មាន​ចចាមអារ៉ាម​ចុះ​ផ្សាយ​ប៉ុណ្ណោះ៕