ប្រភពគួរឲ្យទុកចិត្តបានមួយបាននិយាយថា Barcelona បានរៀបចំកញ្ចប់ទឹកប្រាក់៣៦លានផោន(តម្លៃធូថ្លៃ)ទិញយកខ្សែបម្រើម្នាក់ផ្ដាច់កុងត្រា។ កីឡាករម្នាក់នោះឈ្មោះ Jean Michael Seri លេងនៅក្លឹបបារាំង Nice។
Jean Michael Seri បានបង្ហាញថ្វីជើងយ៉ាងល្អ កាលពីរដូវកាលមុន ឲ្យក្លឹបលេងនៅ Ligue 1, Nice ហើយក្លឹបយក្សអេស្ប៉ាញជឿថា ពួកគេនឹងអាចបន្ថែមកីឡាករអស្ចារ្យម្នាក់ទៀត បន្ទាប់ពីការមកដល់របស់ Paulinho ហើយពួកគេក៏មិនត្រាំត្រែងក្នុងការនាំយក Philippe Coutinho ពី Liverpool ទៀតដែរ។
បែបណាក្ដី! តាមប្រភពកាសែតអេស្ប៉ាញ ‘Mundo Deportivo’ បាននិយាយថា ការដេញថ្លៃយកCoutinho មិនមានជាប់ទាក់ទងជាមួយនឹងការចុះកុងត្រាយក Seri ទេ ដោយពួកគេនិយាយថា ពួកគេជាកីឡាករលេងក្នុងដំណែងខុសគ្នា មានលក្ខណៈពិសេសផ្ទាល់ខ្លួន ហើយក្លឹបថា បើទិញបានទាំងពីរនាក់(Coutinho និង Seri)នោះពិតជាអស្ចារ្យណាស់។
ស្របពេលការប្រកួតកាន់តែមមាញឹក Barcelona កំពុងសង្ឃឹមថានឹងអាចចុះកុងត្រាយកកីឡាករក្នុងបញ្ជីទិញរបស់ខ្លួនឆាប់ៗតាមតែអាចធ្វើបាន៕