ខ្សែ​បម្រើ​ប្រយុទ្ធ​ក្លឹប ​Man City កីឡាករ​ Samir Nasri បាន​ចាក​ចេញ​ពី​ក្លឹប​នៅ​អង់គ្លេស​មួយ​នេះ​ហើយ ​ដោយ​បាន​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​លេង​នៅ​លីក​កំពូល​ទួរគី​គឺ​ Antalyaspor​។

អតីត​កីឡាករ​បារាំង​រូប​នេះ​ បាន​បញ្ចប់​អាជីព​រយៈពេល​៦​ឆ្នាំ​នៅ​ក្លឹប ​Man City ហើយ​ៗ ក្លឹប​ដែល​រូប​គេ​ទៅ​ចូល​រួម​នេះ​ក៏​មាន​អតីត​កីឡាករ​ល្បី​លំដាប់​ពិភពលោក​ Samuel Eto’o ធ្លាប់​លេង​ផង​ដែរ។ អ្វី​ដែល​កាន់​តែ​ច្បាស់​ទៀត​នោះ​គឺ គណនី​ Twitter ផ្លូវ​ការ​របស់​ Man City និង​ Antalyaspor ក៏​បាន​ប្រកាស​ពី​ការ​ចាក​ចេញ ​និង​នាំ​ចូល​កីឡាករ​នេះ​ផង​ដែរ។

មុន​ដំបូង Nasri បាន​ចាក​ចេញ​ពី​ Arsenal ទៅ​លេង​នៅ ​Man City កាល​ពី​ឆ្នាំ ២០១១​ក្នុង​តម្លៃ​២៥​លាន​ផោន​ ហើយ​បាន​ឈ្នះ​ពាន​ Premier League ២​ដង​, EPL Cup ម្ដង​ជាមួយ ក្លឹប​មាន​ឈ្មោះ​ក្រៅ​ The Citizens​ ដោយ​បាន​ចូល​លេង​១៧៦​ប្រកួត​រក​បាន​១២​គ្រាប់។ ប៉ុន្តែ​រដូវ​កាល​មុន​រូប​គេ បាន​ផ្ទេរ​ទៅ​លេង​នៅ​ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​មួយ​រដូវ​កាល៕