លោក Jose Mourinho ចង់ឲ្យ Manchester United ស៊ីញេកុងត្រាយកខ្សែបម្រើប្រយុទ្ធស្លាបរបស់ Paris Saint-Germain កីឡាករ Lucas Moura ក្នុងខែនេះ។
កីឡាករវ័យ២៥ឆ្នាំកម្របានចូលលេងក្នុងឈុតជម្រើសដំបូងណាស់ ក្នុងរដូវកាលនេះ ដោយទើបតែលេងបាន៥ប្រកួតក្នុងនាមជាកីឡាករបម្រុងហើយសល់ពីនេះគឺគ្មានឈ្មោះចូលលេងនោះទេ។
បន្ទាប់ពីទិញចូល Neymar, Mbappe ហើយក្លឹប PSG មានជម្រើសល្អដូចជា៖ Di Maria, Cavani..ទៀតក្លឹបឈរកំពូលតារាងលីកកំពូលបារាំង គ្រោងនឹងលក់កីឡាករវ័យ២៥ឆ្នាំរូបនេះ ចេញស្របពេលក្លឹប Beijing Guoan នៅលីក Chinese Super League ចាប់អារម្មណ៍។
ប៉ុន្តែប្រភព The Sun បានបញ្ជាក់ថា United កំពុងសម្លឹងរកភាពអាចទៅរួច ក្នុងការចុះកិច្ចព្រមព្រៀងមួយ ប៉ុន្តែតម្លៃគឺជាឧបសគ្គដែល Man Utd ពិបាក។ អញ្ចឹងក៏ដោយ Man Utd ចង់បានកីឡាករម្នាក់នេះក្នុងលក្ខខណ្ឌខ្ចីជើងតែប៉ុណ្ណោះហើយផ្ទុយទៅវិញ PSG ចង់ឲ្យបិសាចក្រហមទិញដាច់ក្នុងតម្លៃ៤០លានផោនក្នុងខែមករានេះ។ Moura ធ្លាប់មានព័ត៌មានចុះផ្សាយថារូបគេចាប់អារម្មណ៍ មកលេងនៅអង់គ្លេសជាជាងផ្សងព្រេងរកទ្រនំថ្មីទៅភាគខាងកើតដល់ទឹកដីចិន។
និយាយពីដើមមកវិញ! កាលជំនាន់លោក Sir Alex Ferguson ដឹកនាំគាត់ចង់បានខ្សែប្រយុទ្ធស្លាបជម្រើសជាតិប្រេស៊ីលរូបនេះ កាលពីឆ្នាំ២០១២ពីក្លឹប Sao Paulo ប៉ុន្តែរូបគេសម្រេចចិត្តលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅ PSG ហើយត្រូវក្លឹបទិញយកដល់បច្ចុប្បន្នក្នុងតម្លៃ៣៨លានផោនបំបែកកំណត់ត្រាក្លឹបក្នុងមួយឆ្នាំក្រោយមក៕