គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp គិតថា កីឡាករឆ្នើមរបស់ខ្លួនគឺ Mohamed Salah មិនមែនជាខ្សែប្រយុទ្ធនោះទេ ទោះបីជារដូវកាលនេះ គេរកបានគ្រាប់បាល់ដល់ទៅ៣២គ្រាប់ហើយក៏ដោយ។

កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ រកគ្រាប់បានកាលពីសៅរ៍កន្លងទៅ ១គ្រាប់ ស៊ុតលើក្រុម Newcastle United ដែលធ្វើគេមានគ្រាប់បាល់ស្មើគ្នា និង Harry Kane​ ២៤គ្រាប់ដូចគ្នា ដែលជាគូប្រជែងដណ្ដើមស្បែកជើងមាសនារដូវកាលនេះ។ គ្រាប់បាល់១គ្រាប់នេះផងដែរ បានធ្វើអោយ Salah វ៉ាដាច់កំណត់ត្រាចាស់របស់ Luis Suarez ដែលធ្លាប់ធ្វើបាន៣១គ្រាប់ក្នុងមួយ រដូវកាល កាលពីឆ្នាំ២០១២។

ទោះបីជាយ៉ាងណាក៏ដោយ Klopp យល់ឃើញថា Salah គឺជាខ្សែបម្រើ។​​ គាត់បាននិយាយថា៖”  Mo Salah គឺជាខ្សែបម្រើដ៏មានឱទ្ធិពលម្នាក់ គេមាននិស្ស័យខាងស៊ុតបញ្ចូលទី។​ខ្ញុំពិតជាស្រឡាញ់គ្រាប់បាល់របស់គេទាំងអស់។ ខ្ញុំស្រឡាញ់កីឡាករម្នាក់នេះ។ គេធ្វើបានល្អខ្លាំងណាស់ ប៉ុន្ដែកីឡាករទាំងអស់នៅក្នុងក្រុមសុទ្ធតែមានសារៈសំខាន់ស្មើៗគ្នា”

Besoccer