លោក Massimiliano Allegri អ្នកចាត់ការទូទៅក្រុមជើងឯកអ៊ីតាលី Juventus ជឿជាក់ថា ក្រុមរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ អាចទម្លាយរនាំងការពាររបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur បាន។

កាលពីជើងទី១ Juventus បានភ្លាត់ស្នៀតធ្វើអោយ Spur តាមបាន២គ្រាប់ស្មើគ្នាវិញ ក្រោយពីត្រូវម្ចាស់ផ្ទះនាំមុមុន២គ្រាប់តាំងពីដើមវគ្គ។ Gonzalo Higuain ប៊ិះតែនិងធ្វើបាន Hattrick ទៅហើយ តែស៊យស៊ុតប៉េណាល់ទីមិនចូល​ ដោយទាត់បុករបារទីខាងលើពេញទំហឹង។ Harry Kane និង Christian Eriksen ជាអ្នកជួយសង្គ្រោះ Spur អោយរួចផុតពីបរាជ័យ និងមានបាល់ចំណេញក្រៅដី២គ្រាប់ក្នុងដៃទៀតផង។

ចំណែក Juventus វិញបានយកឈ្នះទៅលើក្រុមខ្លាំង Lazio នៅក្រៅដី ដែលបានមកពីតារានាំសំណាង Paulo Dybala
ទាត់ចូល១គ្រាប់នៅចុងម៉ោង។ លោក Allegri និយាយថា៖”ជ័យជំនះនេះ​បានជួយជម្រុញទឹកចិត្តពួកយើងយ៉ាងខ្លាំង ព្រោះយើងបានយកឈ្នះលើក្រុមមួយដែលមានប្រព័ន្ធការពារខ្លាំងជាង​Spur ទៅទៀត។ ការប្រកួតនេះពិតជាពិបាកតែពួកយើងអាចធ្វើវាបាន។ Lazio មានខ្សែការពារល្អៗជាច្រើន ហើយពួកយើងដឹងថា ដើម្បីឈ្នះ ក្រុមយើងត្រូវលេងអោយបានល្អជាងពួកគេ។​ ជ័យជំនះនេះជួយអោយយើងមានទំនុកចិត្តកាន់តែខ្លាំងថែមទៀត”។

ក្រុមសេះបង្កង Juventus និងត្រូវធ្វើដំណើរទៅកាន់ទឹកដី Wembley នាថ្ងៃព្រហស្បតិ៍ ទី៨នេះ ដោយនាំមកទាំងអស់នៅ
កីឡាករឆ្នើមៗនៅក្នុងក្រុម ដូចជា Dybala ដែលទើបជាពីរបួស និងត្រូវចូលលេងផងដែរ៕

The Sun