ក្លឹប​បិសាច​ក្រហម​ Manchester United បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចុះ​កុង​ត្រា​យក​អ្នក​ចាំ​ទី ​Matej Kovar ពី​ក្លឹប​ FC Slovacko ។

បិសាច​ក្រហម​ទទួល​បាន​ខ្សែ​ប្រយុទ្ធ​ Alexis Sanchez កាល​ពី​សប្ដាហ៍​មុន​​ហើយ​ក៏​គ្មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា ​ចាប់​អារម្មណ៍​កីឡាករ​រូប​ណា​ទៀត​ទេ ប៉ុន្តែ​ដល់​ពេល​ទីផ្សារ​កីឡាករ​ប៉ុន្មាន​នាទី​ ក្លឹប​មួយ​នេះ​ទទួល​បាន​អនាគត​អ្នក​ចាំ​ទី​ម្នាក់​ដែរ។ Kovar គឺ​ជា​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​សាធារណរដ្ឋ​ឆេក​វ័យ​ក្រោម​១៨​ឆ្នាំ​​ ហើយ​កីឡាករ​វ័យ​១៧​ឆ្នាំ​រូប​នេះ ​បាន​ស៊ីញេ​កុង​ត្រា​ជា​កីឡាករ​អាជីព​ជាមួយ​ក្លឹប​ទៅ​ហើយ។ ​រូប​គេ​នឹង​ត្រូវ​បញ្ចូល​ទី​ក្នុង​ក្រុម​យុវជន​ថ្នាល​របស់​ក្លឹប​។

Kovar ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចូល​លេង​ក្នុង​វ័យ​ក្រោម​១៨​ឆ្នាំ​របស់​លោក Kieran McKenna ខណៈ​ដែល​គ្រូ​បង្វឹក​យុវជន​ម្នាក់​នឹង​អាច​ជំនួស​លោក​ Jose Mourinho ក្នុង​នាម​ជា​គ្រូ​បង្វឹក​ឈុត​ធំ​នៅ​ថ្ងៃ​ណា​មួយ។

មែន​ទែន​ទៅ​! បិសាច​ក្រហម​មាន​ជម្រើស​អ្នក​ចាំ​ទី​ល្អ​ៗ​រួច​ទៅ​ហើយ​ដោយ​មាន​ដូច​ជា​ Devid De Gea លេង​ក្នុង​ដំណែង​ដៃ​ទី​មួយ​ ហើយ​ Sergio Romero ឈរ​ពី​ក្រោយ​ក្នុង​នាម​អ្នក​ចាំ​ទី​ដៃ​ទី​២។​ អ្នក​ចាំ​ទី​អាហ្សង់ទីន​​ត្រូវ​បាន​គេ​ដឹង​ថា​ជិត​ចេញ​ទៅ​លេង​នៅ​ស្រុក​កំណើត​វិញ​ពេល​ចប់​រដូវ​កាល​នេះ​ ខណៈ​ដែល ​De Gea មាន​ព័ត៌មាន​រអេចរអូច​ថា ​Real Madrid នៅ​តែ​ចិញ្ចឹម​ចិត្ត​​ចង់​បាន។

ចំណែក​តារា​វ័យ​ក្មេង Joel Castro Pereira ​បាន​ចូល​លេង​១២​នាទី​ក្នុង​ពាន ​EPF Cup ក្នុង​រដូវ​កាល​នេះ​ហើយ​កីឡាករ​វ័យ​២១​ឆ្នាំ​ត្រូវ​លោក Jose បាន​កោះហៅ​ឲ្យ​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​៣​ហើយ​រូប​គេ​មាន​ឈ្មោះ​បម្រុង​៨​ដង​ក្នុង​រដូវ​កាល​នេះ៕