ប្រភព​របាយការណ៍​ជា​ច្រើន​មក​ពី​អង់គ្លេស​បាន​និយាយ​ថា ​Mesut Ozil បាន​ស៊ីញេ​កុង​ត្រា​ថ្មី​បន្ថែម​ទៀត​ជាមួយ ​Arsenal រួច​ទៅ​ហើយ​ ដែល​កុង​ត្រា​នេះ​រក្សា​កីឡាករ​អាល្លឺម៉ង់​ដល់​ឆ្នាំ​២០២១ ​និង​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​គេ​ប្រចាំ​ក្លឹប។

ក្រុម​កាំភ្លើងធំ​សឹង​តែ​បាត់​បង់​ Ozil ដោយ​មិន​បាន​លុយ​សូម្បី​តែ​មួយ​កាក់​ទៅ​ហើយ​ពេល​ចប់​រដូវ​កាល​នេះ ក្រោយ​ពេល​Manchester United ដាក់​សំណើ​ចុះ​កុង​ត្រា​យក​ខ្សែ​បម្រើ​កំពុង​បញ្ជូន​បាល់​វ័យ​២៩​ឆ្នាំ​ក្នុង​រដូវ​កាល​នេះ។ ប៉ុន្តែ​ប្រភព​ BBC បាន​និយាយ​ថា​ Ozil ឈាន​ដល់​​កិច្ច​ព្រមព្រៀង​ជាមួយ Arsenal កាល​ពី​ចុង​សប្ដាហ៍​មុន​ហើយ​បាន​សម្រក់​ទឹក​ប៊ិច​លើ​ក្រដាស​ជា​ផ្លូវការ​ លើ​កុង​ត្រា​ថ្មី​ក្នុង​បរិវេណ​ទីតាំង​ហ្វឹកហាត់​របស់​ក្លឹប​កាល​ពី​ថ្ងៃ​ពុធ។

របាយការណ៍​ខាងលើ​បន្ត​ទៀត​ថា​ កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​នឹង​ទទួល​បាន​ប្រាក់ឈ្នួល​ប្រចាំ​សប្ដាហ៍​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​អាទិត្យ ​មិន​ទាន់​គិត​ពន្ធ ​​ប៉ុន្តែ​តម្លៃ​នេះ​គឺ​ខ្ពស់​ជាង​គេ​នៅ​ Arsenal ហើយ។ កុង​ត្រា​មាន​រយៈ​ពេល​៣​ឆ្នាំ​កន្លះ​ ហើយ​រូប​នៅ​លេង​ឲកយ​កាំភ្លើង​ធំ​ដល់​ឆ្នាំ ២០២១។

អតីត​ខ្សែ​បម្រើ​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​បដិសេធ​សំណើ​របស់ ​PSG និង​ក្លឹប​មក​ពី​លីគ​កំពូល​ចិន​ផង​ដែរ។ Ozil បាន​ចាក​ចេញ​ពី​ Real Madrid កាល​ពី​ឆ្នាំ​២០១៣​ក្នុង​តម្លៃ​៤២.៥​លាន​ផោន​ បាន​ចំណាយ​ពេល​៥​ឆ្នាំ​ហើយ ​ជាមួយ​កាំភ្លើង​ធំ​ដោយ​ជួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ភាគខាង​ជើង​រដ្ឋធានី​ឡុងដុង​ឈ្នះ​ពាន​FA Cup ៣​ដង៕