ខណៈ​ពេល​ដែល ​Robert Lewandowski មាន​ព័ត៌មាន​ចចាមអារ៉ាម​ផ្ទេរ​ទៅ​លេង​នៅ​ Real Madrid កាន់​តែ​ជិត​ស្និត​ខ្លាំង​ឡើង​ៗ​នោះ​ ពេល​នេះ​ Bayern Munich បាន​បង្ខំ​ចិត្ត​ចាប់​ផ្ដើម​បើក​ទ្វារចាក់​សោរ​ទូ​ដែក​​ យក​កញ្ចប់​លុយ​ទិញ​ខ្សែ​ប្រយុទ្ធ​មក​ជំនួស។

បន្ទាប់​ពី​ធ្វើ​ការ​ស្ទាបស្ទង់​ទៅ​លើ​លីក​កំពូល​នៅ​អឺរ៉ុប​ទាំង​អស់​ ពួក​គេ​រក​ឃើញ​កីឡាករ​២​នាក់​ដែល​អាច​ជំនួស​បាន។​កីឡាករ​ទី​មួយ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ​ខណៈ​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ​ចាប់​អារម្មណ៍ Harry Kane នោះ​។ ទី​២ ​គឺ​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​ខ្លាំង​របស់​ក្លឹប​ RB Leipzig កីឡាករ​ Timo Werner ដែល​គេ​ចាត់​ទុក​ថា​ ជា​អនាគត​របស់​បាល់​ទាត់​អាល្លឺម៉ង់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! កីឡាករ​ទាំង​ពីរ​នាក់​នេះ ​ហាក់​ពិបាក​ទិញ​យក​មក​លេង​បន្តិច​ហើយ ​ពី​ព្រោះ​ Kane ជា​កីឡាករ​ដែល​គេ​ចង់​បាន​បំផុត​ក្នុង​ពិភព​បាល់ទាត់​ហើយ​ Tottenham គ្មាន​បំណង​លក់​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់​ខ្លួន​នោះ​ទេ​ តែ​បើ​ចង់ទិញ​ខ្លាំង​ណាស់​នោះ​ តម្លៃ​ ២០០​លាន​អឺរ៉ូ​អី​ហ្នឹង​អាច​និយាយ​គ្នា​បាន។

ចំណែក ​Werner វិញ​បាន​បញ្ជាក់​ច្បាស់​ហើយ​ថា​ គាត់​នឹង​នៅ​បន្ត​ជាមួយ​ក្លឹប​ Lipzig ដល់​រដូវ​កាល​ក្រោយ​ ដើម្បី​អភិវឌ្ឍន៍​ទម្រង់​លេង​ឲ្យ​កាន់​តែ​ខ្លាំង​ ស្រប​ពេល​ដែល​ក្លឹប​ពេល​នេះ​កំពុង​ឡើង​កូន​មក​លេង​ក្នុង ​Champions League ហើយ​ក្លាយ​ជា​គូប្រជែង​ពាន​ Bundesliga ២​ឆ្នាំ​ជាប់​គ្នា​ទៀត​នោះ៕