គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ថា លោក Pep Gaurdiola កំពុងតែកុហកថាDavid Silva របួសមិនអាចលេងក្នុងជំនួប Manchester Derby នៅថ្ងៃអាទិត្យ។
ក្រុមបិសាចក្រហមនឹងទទួលភ្ញៀវ Manchester City នៅកីឡដ្ឋាន Old Trafford ហើយលទ្ធផលក្នុងការឈ្នះប្រកួតនេះ គឺជាវិធីតែមួយគត់អាចកាត់បន្ថយគម្លាតពិន្ទុដល់ទៅ៨រវាងក្រុមទាំងពីរ។ Silva នឹងមិនបានលេងទេក្នុងជំនួប Champions League ជាមួយ Shaktar Donetsk ហើយលោក Pep Gaurdiola បានសន្និដ្ឋានថាកីឡាករអេស្ប៉ាញរូបនេះ អាចអវត្ដមានក្នុងការប្រកួតជាមួយ Man Utd។
បន្ទាប់ពីលោក Arsene Wenger លេងមួយក្បាច់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា Alexandre Lacazatte នឹងមិនបានលេងទល់នឹង Man Utd តែដល់ថ្ងៃប្រកួតឃើញដាក់ឲ្យចូលលេងនោះទេលោក Jose Mourinho ថាលោក Pep កំពុងលេងក្បាច់គុណស្រដៀងគ្នានេះហើយ។
ពេលអ្នកកាសែតសួរពីស្ថានភាពរបួសរបស់កីឡាករ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បាននិយាយថា៖” អ្នកត្រូវការចម្លើយពិត ឬក៏អ្នកចង់បានអ្វី? អ្នកត្រូវការដឹងការពិត។ ជាការពិត! គឺថា Baily មិនបានលេងក្នុងចុងសប្ដាហ៍នេះទេ។ Jone មានឱកាស, Fellaini មានឱកាសហើយ Zlatan Ibrahimovic មានឱកាសច្រើនជាងគេ។ Matic របួសប៉ុន្តែគាត់នឹងលេង។ Carrick គ្មានឱកាសទេ” Mourinho និយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន។
“ ខ្ញុំនិយាយការពិត ជាការពិតគឺគាត់របួស តែគាត់នឹងបានលេងប្រាកដណាស់ គ្មានរឿងដូច Lacazatte ឬក៏ David Silva អីនោះទេ។ វាគឺការពិតទាំងអស់។ ឱកាសរបស់ពួកយើងគឺមានបញ្ហាទាំងនេះ។ ពួកគេថាគេមានបញ្ហាធំ ប៉ុន្តែដល់ថ្ងៃប្រកួតកីឡាករទាំងអស់សុទ្ធតែលេងបាន”។
“ ពួកគេរៀបចំក្រុមបានល្អ ពួកយើងសរសើរពួកគេ។ ពេលដែលយើងមានបញ្ហាគឺពិតជាបញ្ហា ពេលកីឡាកររបួសគឺលេងមិនបាន ខ្ញុំនិយាយការពិតអស់ហើយ”៕