អ្នកចាត់ការ Manchester United លោក Jose Mourinho លើកឡើងថា Chelsea មិន​សមនឹង​ឈ្នះពានរង្វាន់ FA Cup ឡើយ ហើយថា ក្រុមតោខៀវលេងការពារដល់​ទៅ​៩​នាក់​​ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមលោក Antonio Conte បាន​ឈ្នះ Manchester United ១ទល់នឹង០ ទាត់ប៉េណាល់ទីដោយ Eden Hazard នៅវគ្គទី១។ យ៉ាងណាក៏ដោយ លោក Mourinho ថា បិសាចក្រហម លេងបានយ៉ាងល្អជាង។

អ្នកចាត់ការជនជាតិព័រទុយហ្គាល់លើកឡើងបែបនេះ ៖ “ខ្ញុំសូមអបអរពួកគេ តែខ្ញុំគិតថា ពួកគេមិនសមឈ្នះពាននេះទេ”។ ខ្ញុំអបអរពួកគេ។ ខ្ញុំជាអ្នកចាត់ការរបស់ Man UTD ខ្ញុំត្រូវតែមានការគោរព មិនមែនក្នុងនាមពួកគេជាក្រុមចាស់ខ្ញុំទេ គឺពួកគេជាគូប្រជែងខ្ញុំ។ ខ្ញុំគិតថា ពួកយើង​សមឈ្នះជាង ព្រោះពួកយើង ជាក្រុមដ៏ល្អជាង តែនេះហើយជាបាល់ទាត់”។

បិសាចក្រហម​មិន​ទាត់ចំគោលដៅទាល់តែសោះនៅវគ្គទី១ តែកើនឱកាសច្រើននៅវគ្គទី២ ជាក់ស្ដែង Phil Jones និង Paul Pogba សុទ្ធតែមានឱកាស តែមិនអាច​សម្រេច​ទី​បានសោះ៕