តុលាការប្រទេសក្រូអាត នៅថ្ងៃពុធទី៦ខែមិថុនាឆ្នាំ២០១៨បានកាត់ទោសដាក់ពន្ធនាគារលើអតីតនាយកប្រតិបត្តិក្លិបបាល់ទាត់ចំនួន៣រូប រយៈពេលពី៣ដល់៦ឆ្នាំ ពីបទគេចពន្ធនិងកិបកេងប្រាក់ចំណេញពីការផ្ទេរកីឡាករ។
លោក Zdravko Mamic វ័យ៥៩ឆ្នាំ អតីតនាយកប្រតិបត្តិក្លិប Dinamo Zagreb ពីឆ្នាំ២០០៣ដល់២០១៦ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៦ឆ្នាំ៦ខែ។ លោក Zdravko បានចាកចេញពីក្រូអាតទៅប្រទេសបូស្ន៊ីក្នុងសប្ដាហ៍នេះ។ លោករងការចោទថាបានគេចពន្ធក្នុងតម្លៃ១.៩៤លានអឺរ៉ូ និងបានកិបកេងលុយពីក្លិបពីការផ្ទេរកីឡាករចំនួន១៥.៧លាអឺរ៉ូផ្សេងទៀត។
ចំណែកមន្ត្រីជាន់ខ្ពស់២រូបផ្សេងទៀតមកពីក្លិប Dinamo និងមន្ត្រីពន្ធដារម្នាក់ក៏ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពីបទល្មើសដូចគ្នាដែរ។ លោក Zoran Mamic ដែលអតីតគ្រូបង្វឹក Dinamo Zagreb ពីឆ្នាំ២០១៣ដល់២០១៦ បច្ចុប្បន្នជាគ្រូក្លិប Al-Ain នៅអារ៉ាប់រួម និងជាប្អូនលោក Zdravko រងការផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំនិង១១ខែ។