ក្រុមហង្សក្រហម Liverpool បាននឹងធូរចិត្តបន្តិច ក្រោយពេលខ្សែប្រយុទ្ធកំពូលរបស់ខ្លួន Mohamed Salah ចូលមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមក្រោយរងរបួសកាលប្រកួតជើងទីមួយ។
កីឡាករជម្រើសជាតិអេហ្ស៊ីបត្រូវបានប្ដូរចេញក្រោយពេល Red ស៊ី City ៣ទល់០កាលជើងទីមួយពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Anfield ជាមួយនឹងរបួសក្រលៀននៅដើមវគ្គទី២។ រូបគេមិនបានលេងទេពេលក្លឹបជួប Everton ក្នុងPremier League ហើយក្លឹបទាំងមូលព្រួយបារម្ភខ្លាចរូបគេអវត្ដមានពេលជួបគ្នានៅជើងទី២នៅថ្ងៃអង្គារនេះ។ ប៉ុន្តែពេលនេះអ្វីៗហាក់កាន់តែប្រសើរឡើងក្រោយពេលអតីតខ្សែប្រយុទ្ធរបស់ Roma ចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ។
តែយ៉ាងណាក៏ដោយក្រុមរបស់លោក Klopp នឹងបាត់កីឡាករសំខាន់ពីរបីនាក់ដោយសាររបួសគឺ Emre Can, Joel Matipនិង Joe Gomez ខណៈ Jordan Henderson ក៏ត្រូវអវត្តមានដែរដោយសារជាប់បម្រាម។ Liverpool កំពុងដើរបានពាក់កណ្ដាលផ្លូវហើយក្នុង Champions League ឆ្នាំហើយពួកគេនឹងត្រៀមសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្រោយខកខានចាប់តាំងពីរឆ្នាំ២០០៨មក៕