វីរបុរសបាល់ទាត់ Diego Maradona បាននិយាយកាលពីពេលថ្មីៗនេះថា លោកសុខចិត្តដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនសារជាថ្មីម្តងទៀត ដោយមិនយកប្រាក់បៀរវត្ត៍ឡើយ។
បុរសវ័យ៥៧ឆ្នាំបានបន្ថែមទៀតថា៖ ” ជាការពិត! ខ្ញុំនឹងព្រមធ្វើដូច្នេះ។ ខ្ញុំនឹងដឹកនាំដោយមិនយកប្រាក់ឈ្នួលឡើយ ព្រោះខ្លួនគ្រាន់តែចង់ឃើញជម្រើសជាតិមានទម្រង់លេងល្អជាងនេះ។”
ក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោមថ្វីជើងរបស់ក្រុមមាន់គកបារាំងក្នុងលទ្ធផល៤ទល់នឹង២ ដែលជាហេតុធ្វើឲ្យតំណែងរបស់គ្រូបង្វឹក Jorge Sampaoli កំពុងតែមានសម្ពាធ ជាពិសេសគឺលើទម្រង់លេងរបស់ក្រុមទាំងមូលតែម្តង។
គួរបញ្ជាក់ថា លោក Diego Maradona ក៏ធ្លាប់បានធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីនផងដែរ គឺពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ ដោយលោកបានដឹកនាំក្រុមឲ្យឡើងបានដល់វគ្គ៨ក្រុមចុងក្រោយនៃ World Cup ឆ្នាំ២០១០ ប៉ុន្តែអាហ្សង់ទីនត្រូវបានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះក្រោមដៃជម្រើសជាតិអាល្លឺម៉ង់៕