គ្រូបង្គោលជម្រើសជាតិអាល្លឺម៉ង់ Joachim Low និយាយថាក្រុមរបស់លោកសមនឹងធ្លាក់ពី World Cup 2018 ត្រឹមវគ្គចែកពូលដូច្នេះហើយ បន្ទាប់ពីត្រូវកូរ៉េខាងត្បូងលត់២-០យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃបញ្ចប់ពូល F។

អាល្លឺម៉ង់ ត្រូវការឈ្នះ១គ្រាប់ក៏អាចបន្តដំណើរទៅកាន់វគ្គ១៦ក្រុម ប៉ុន្តែការព្យាយាមរបស់ពួកគេមិនអាចបានសម្រេចឡើយ ផ្ទុយទៅវិញបែរជារបូត២គ្រាប់នៅចុងវគ្គទី២ក្រោមថ្វីជើង Kim Young-gwon និង Son Heung-min ទោវិញ។

លោក Low និយាយថា៖ “ភាពខកចិត្តរបស់ពួកយើងដែលធ្លាក់ត្រឹមវគ្គចែកពូលគឺធំ។ ខ្ញុំគិតថាជាដំបូងយើងត្រូវអបអរសាទរគូប្រកួត២របស់យើងដែលបានឆ្លងផុតពូល។ ក្នុងព្រឹត្តិការណ៍នេះ ពួកយើងមិនសមឈ្នះជើងឯកម្ដងទៀតឡើយ, ពួកយើងមិនសមឡើងទៅវគ្គ១៦ក្រុមចុងក្រោយឡើយ។ ដូច្នេះពួកយើងសមនឹងធ្លាក់ហើយ”។

 

ក្រុមការពារតំណែងជើងឯកស្ថិតនៅបាតពូល មានត្រឹម៣ពិន្ទុប៉ុណ្ណោះពី៣ប្រកួត។ ហើយនេះជាលើកដំបូងតាំងពីឆ្នាំ១៩៣៨មក ដែលអាល្លឺម៉ង់ធ្លាក់ពី World Cup ត្រឹមជុំទី១។ ដោយឡែកពួកគេ​ជា​ក្រុម​ការពារជើងឯក​ទី​៤​ក្នុង​៥​ព្រឹត្តិការណ៍ World Cup ​ចុង​ក្រោយ​ដែល​ធ្លាក់​ត្រឹម​វគ្គ​ចែកពូល បន្ទាប់​ពី​បារាំង​ក្នុង​ឆ្នាំ​២០០២, អ៊ីតាលី ក្នុង​ឆ្នាំ​២០១០, អេស្ប៉ាញ​ក្នុង​ឆ្នាំ​២០១៤៕