Raphael Varane សារភាព​ថា​ Real Madrid នឹង​ពិបាក​រក​អ្នក​ថ្មី​​ដែល​សក្ដិសម​មក​ជំនួស​ Zinedine Zidane នៅ​រដូវ​កាល​ក្រោយ​។

អ្នកចាត់ការសញ្ជាតិបារាំងបានលាឈប់ពីទឹកដី Santiago Bernabeu កាលពីសប្ដាហ៍មុនក្រោយកាន់ដំណែង២ឆ្នាំកន្លះជួយក្លឹបឈ្នះ Champions League ៣រដូវកាលជាប់គ្នា និងពានផ្សេងៗសរុបចំនួន៩ក្នុងរយៈពេលខ្លី។

ការចាកចេញនេះធ្វើឲ្យខ្សែការពាររួមជាតិ Varane ព្រួយបារម្ភចំពោះអ្នកថ្មីត្រូវមកធ្វើការក្រោមស្រមោលរបស់ Zidane។ សម្ពាធ និងការទាមទារខ្លាំងនឹងធ្លាក់ទៅលើអ្នកបន្ទាប់ដែលត្រូវអង្គុយកៅអីអ្នកចាត់ការ Real Madrid។ នេះបើតាមការបញ្ជាក់របស់កីឡាករវ័យ២៥ឆ្នាំខាងលើ។

គួររំលឹកថា ក្នុងអំឡុងពេល ៣ ឆ្នាំក្នុងការដឹកនាំ Real Madrid លោក Zinedine Zidane ឈ្នះពានជាមួយក្លឹបដល់ទៅ ៨ ពាន ក្នុងនោះរួមមានពាន Champions League ៣ឆ្នាំជាប់គ្នា ពានលីគកំពូលអេស្ប៉ាញ (រដូវកាល ២០១៦/១៧) ពាន UEFA Super Cup ២លើក FIFA Club World Cup ២ដង និង Supercopa de Espana មួយលើកផងដែរ៕