កំពូលកីឡាករបាល់ទាត់ Cristiano Ronaldo បានប្រាប់ពីរឿងដ៏គួរឲ្យហួសចិត្តមួយគឺ ពេលដែលគាត់ទំនេរនៅផ្ទះ គាត់កម្រមើលបាត់ទាត់តាមទូរទស្សន៍ណាស់ ហើយរឿងដែលគាត់ចូលចិត្តធ្វើជាងគេ គឺការហាត់ប្រាណgym ដើម្បីឲ្យមានសាច់ដុំធំៗ និងការបរិភោគអាហារដែលមានប្រយោជន៍ដល់សុខភាព។
ទោះបីមិនសូវចូលចិត្តមើលបាល់ទាត់តាមទូរទស្សន៍ ប៉ុន្តែ Ronaldo តែងតែហ្វឹកហាត់បាល់ទាត់តែម្នាក់ឯងនៅផ្ទះជារៀងរាល់ថ្ងៃបន្ថែមពីលើការហ្វឹកហាត់ជាមួយក្រុមនៅ Real Madrid។
គាត់បានប្រាប់ទៅឆានែលYouTube មួយមកពីប្រេស៊ីលដែលមានឈ្មោះ DESIMPEDIDOS ថា ” ពេលនៅផ្ទះ ខ្ញុំកម្រមើលបាល់ទាត់ណាស់ មិនសូវមើលតែម្ដង លើកលែង តែពេលណាដែលមិត្តភក្ដិរបស់ខ្ញុំ ពួកគេលេងក្នុងប្រកួតធំៗណាមួយ។ខ្ញុំចូលចិត្តមើលកម្មវិធីផ្សេងៗដូចជា ខ្សែភាពយន្ត, រឿងភាគ, ការប្រគំតន្ត្រី និង ឯកសារសត្វ ព្រោះវាជួយឲ្យខ្ញុំអាចរៀនសូត្រពីអ្វីថ្មីៗជាច្រើន។”
Ronaldo បានបន្តថា “ ខ្ញុំក៏ចូលចិត្តដើរលេងដែរ ជាពិសេសទៅទីក្រុងឡុង ប៉ារីស ឬព័រទុយហ្គាល់ ពេលថ្ងៃចុងសប្ដាហ៍”៕