គុណភាពកីឡាករបរទេស បូករួមទាំងបទពិសោធក្រាស់ក្រែលលើឆាកអន្តរជាតិ គឺជាគុណសម្បត្តិធំរបស់បឹងកេត។ នេះបើតាមការលើកឡើងពីលោក ហុក សុជីវ័ន គ្រូបង្គោលក្លិបវិសាខា។
គ្រូបង្វឹកក្រុមជើងឯកលីគទី២ពណ៌នាបែបនេះមុនក្រុមទាំងពីរប៉ះគ្នាក្នុងជំនួបក្របខណ្ឌ Metfone Cambodian League សប្ដាហ៍ទី១០ នៅថ្ងៃអាទិត្យ ទី១៧ ខែមិថុនា នាកីឡដ្ឋានវេស្ទើន។ លោកថា ចំណុចល្អទាំងពីរខាងលើគឺជាកង្វល់សម្រាប់វិសាខា។
លោក ហុក សុជីវ័ន ពន្យល់បែបនេះ ៖ “យើងទទួលស្គាល់ថា កីឡាករបរទេសរបស់គាត់៣នាក់ ដូច Maycon, Julius, Benga អីខ្លាំងណាស់ ទាំងបច្ចេកទេស និង ការបញ្ចប់ទី គឺពួកគាត់ល្អជាងកីឡាករកូរ៉េខាងជើងរបស់យើងទៅទៀត។ ទី២ គឺបទពិសោធលើឆាកអន្តរជាតិ អ៊ីចឹងធ្វើឲ្យពួកគាត់ជាក្រុមដ៏ខ្លាំងមួយនៅក្នុងស្រុក”។
យ៉ាងណាក៏ដោយ លោក ហុក សុជីវ័ន បង្ហើបថា កីឡាករសម្បូរបទពិសោធមួយចំនួនដូចជា ង៉យ ស្រ៊ីន ជាដើមនឹងបង្ហាញវត្តមានសាជាថ្មីធ្វើឲ្យទំនុកចិត្តក្រុមកាន់តែមុតស្រួចជាងសប្ដាហ៍មុនដែលឈ្នះព្រះខ័នរាជស្វាយរៀងយ៉ាងប្រផុតប្រផើយ។
ប្រភព & រូបភាព៖ CNCC