លោក Diego Simeone បានបដិសេធសុំខ្លួនមិនធ្វើជាគ្រូបង្វឹក Chelsea ក្រោយពេលលោក Conte ផុតកុងត្រា ខណៈដែលក្លឹបមួយនេះកំពុងរកអ្នកជំនួស ដោយលោកបានបញ្ជាក់ច្បាស់ហើយថាគ្មានគោលបំណងផ្ទេរទៅ Stamford Bridge នោះទេ។
គ្រូបង្វឹករូបនេះសញ្ជាតិអាហ្សង់ទីនបានក្លាយជាគោលដៅគ្រូបង្វឹក ជំនួសលោកគ្រូបង្វឹកអ៊ីតាលីលោក Conte ដែលមានព័ត៌មានមិនច្បាស់ពីអនាគតរបស់លោក ដែលថានឹងចង់ចាកចេញពេលចប់រដូវកាលនេះ។ មន្ត្រីរបស់ Chelsea ពេលនេះកំពុងស្វែងរកគ្រូបង្វឹកមានសមត្ថភាពខ្ពស់ ដើម្បីមកជំនួសគ្រូបង្វឹកសញ្ជាតិអ៊ីតាលី។អញ្ចឹងក៏ដោយ គ្រូបង្វឹក Atletico Madrid បានបញ្ជាក់ហើយថាគាត់ហាក់មិនបានមើលឃើញថាអនាគតរបស់គាត់ត្រូវទៅដឹកនាំ Chelsea ទាល់តែសោះ។
Simeone នៅសល់កុងត្រា២ឆ្នាំកន្លះទៀត ជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដ ហើយលោកអាចនឹងផ្ទេរទៅដឹកនាំ Inter Milan ដែលជាអតីតក្លឹបរបស់លោកធ្លាប់លេងជាកីឡាករ។ មិនសូវចេះភាសាអង់គ្លេស និងជីវិតរស់នៅបែបអាមេរិកឡាទីនរបស់លោក គឺជាហេតុផលចម្បងដែលលោកមិនសូវចង់មកអង់គ្លេស ទោះបីជាគ្រូបង្វឹកវ័យ៤៧ឆ្នាំគួរតែពិចារណាមកដឹកនាំ Manchester United នាពេលអនាគតក៏ដោយ។
បច្ចុប្បន្ន លោក Jose Mourinho កំពុងដឹកនាំនៅ Man Utd ហើយកុងត្រារបស់គាត់ផុតកំណត់ដល់ឆ្នាំ ២០២០ ស្របពេលកុងត្រារបស់ Simeone ផុតក្នុងឆ្នាំនោះដែរ។ Chelsea នឹងប្ដូរគោលបំណងទៅរកគ្រូបង្វឹកថ្មីទៀតដោយមានដូចជាលោក Luis Enrigue អតីតគ្រូបង្វឹក Barcelonaនិងលោក Carlo Ancellotti ដែលធ្លាប់ដឹកនាំ Chelsea កាលពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១៕