Sergio Ramos បាន​សង្កត់​ធ្ងន់​ពី​សារសំខាន់​នៃ​ជំនួប​ El Clasico​ដោយ​និយាយ​ថា​ម្ចាស់​ការពារ​ដំណែង​ជើង​ឯក​ Real Madrid ​មាន​កាតព្វកិច្ច​​ត្រូវ​ឈ្នះ​ Barcelona​ជាង​ពេល​ណាៗ​ទាំង​អស់​ ខណៈ​ដែល​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី​ Catalan កំពុង​រក្សា​ដំណែង​កំពូល​តារាង​ La liga។

Real Madrid ត្រូវ​ទទួល​ស្វាគមន៍​ Barcelona ក្នុង​កីឡដ្ឋាន​ Santiago Bernabeu នៅ​ថ្ងៃ​សៅរ៍​នេះ ស្រប​ពេល​ដែល​ម្ចាស់​ផ្ទះ​ត្រូវ​តាម​ពី​ក្រោយ​ក្រុម​ភ្ញៀវ​១១​ពិន្ទុ​។ ក្រុម​របស់​ Ramos នៅ​ចំណេញ​មួយ​ប្រកួត​ក្នុង​ដៃ​​ដូច្នេះ​ ហើយ​ប្រធាន​ក្រុម​ម្នាក់​នេះ​បាន​ជឿ​ថា​ការ​ឈ្នះ​ក្នុង​ជំនួប​លើក​នេះ​គឺ​ពិត​ជា​សំខាន់​បំផុត​ជាង​គេ​ពេល​ណា​ទាំង​អស់

“​វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​។ គ្មាន​ពាក្យ​ណា​មក​បរិយាយ​ជំនួប​នេះ​បាន​ទេ។​ពេល​នេះ​វា​មាន​សភាព​ខុស​គ្នា​ហើយ​វា​គឺ​ជា​ការ​ប្រកួត​ដែល​សំខាន់​បំផុត​ក្នុង​ពិភពលោក“។ Ramos និយាយ​ក្នុង​ពិធី​ទទួល​ការ​ឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​មួយ។

“​យើង​ចង់​ឈ្នះ​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់​ បើ​យើង​មើល​ទៅ​លើ​ស្ថានភាព​ដែល​ពួក​យើង​កំពុង​នៅ ​ថា​តើ​យើង​នៅ​មាន​ឱកាស​សល់​ដើម្បី​ប្រជែង​យក​ពាន ​La liga។ យើង​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏​ល្អ​មួយ ​ហើយ​យើង​បាន​ឈ្នះ​ពាន​ FIFA Club World Cup ដែល​វា​តែងតែ​សាក​សម​ទៅ​នឹង​កម្រិត​ទស្សនវិជ្ជា​របស់​ពួក​គេ។ ពួក​យើង​ពិត​ជា​ចង់​លេង​ហើយ​ធ្វើ​ការ​ធ្ងន់​នៅ​សប្ដាហ៍​នេះ​ ដូច្នេះ​ហើយ​ យើង​អាច​ទទួល​បាន​បី​ពិន្ទុ ​ដែល​អនុញ្ញាត​ឲ្យ​យើង​និយាយ​ថា​ ខិត​ជិត​តាម​ទាន់​ក្រុម​ដែល​នៅ​លើ​យើង“៕