ខ្សែប្រយុទ្ធ Real Madrid កីឡាករ Gareth Bale មិនបានព្រួយបារម្ភពីការជួប Neymar និង PSG ក្នុងពានរង្វាន់ Champions League នៅខែក្រោយឡើយ ដោយសារគាត់រវល់មើលគេវាយកូនហ្គោលខ្លាំងពេក។
Bale បានបង្ហាញទម្រង់លេងល្អឡើងវិញជាមួយនឹងការបាន២គ្រាប់ក្នុងចំណោម៧គ្រាប់យកឈ្នះ Deportivo កាលពីយប់មិញ ហើយរូបគេបានក្លាយជាកីឡាករល្អប្រចាំការប្រកួត (Man Of The Match)។ Real Madrid នៅតែតាមពីក្រោយBarcelona ១៩ពិន្ទុហើយឈរលេខ៤ក្នុងតារាង La liga ដែលធ្វើឲ្យម្ចាស់ជើងឯកអឺរ៉ុប៣ដងក្នុងរយៈពេល៤ឆ្នាំមួយនេះប្រឈមជាមួយនឹងការមិនបានលេង Champions Leagueនៅរដូវកាលក្រោយ។
អញ្ចឹងក៏ដោយ!តារាបាល់ទាត់សញ្ជាតិវែល បានបញ្ជាក់ថា គាត់ចាប់អារម្មណ៍តារាវាយកូនហ្គោលលោក Dustin JohnsonនិងJordan Sieth ជាជាង Kylian Mbappeនិង Neyma។
“ ខ្ញុំមិនបានមើលបាល់ទាត់ប៉ុន្មាននោះទេ ខ្ញុំសុខចិត្តមើលការប្រកួតវាយកូនគោលច្រើនជាង បើនិយាយឲ្យស្មោះត្រង់ទៅ!” Bale ឆ្លើយបែបនេះពេលអ្នកកាសែតសួរពីចំណាប់អារម្មណ៍ជួប PSG នាពេលខាងមុខ។
“ពួកយើងមិនសូវបានគិតពី Champions Leagueនៅឡើយ ដោយសារវានៅមានពេលច្រើនទៀត។ យើងកំពុងយកចិត្តទុកដាក់លើការប្រកួតដែលកំពុងមាន នៅពេលនេះសាងសង់ទំនុកចិត្ត និងរកមធ្យោបាយឈ្នះមកវិញ”៕