យោងតាមសារព័ត៌មាន Dailymail បានចេញផ្សាយថា ក្រុមបិសាចក្រហម Manchester United បានបើកការចរចាជាមួយក្លិបមាន់ខ្នាយមាស Tottenham អំពីខ្សែការពារជម្រើសជាតិបែលហ្ស៊ិក Toby Alderweireld ដើម្បីនាំមកកាន់ទឹកដី Old Trafford។

អតីតសមាជិក Ajax និង Atletico Madrid វ័យ២៩ឆ្នាំ នឹងផុតកិច្ចសន្យាជាមួយ Spurs នៅដំណាច់រដូវកាល២០១៨-១៩ តែមកទល់ពេលនេះមិនបានព្រមព្រៀងគ្នាលើកិច្ចសន្យាថ្មីទេ។

អ្នកចាត់ការ Spurs លោក Mauricio Pochettino មានឆន្ទៈក្នុងការលះបង់ខ្សែការពារកណ្ដាលដែលអាចលេងកូដស្ដាំក៏បានរូបនេះ ដើម្បីទៅពង្រឹងតំបន់ផ្សេងក្នុងក្រុមរបស់លោក។

ក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ត្រូវបានគេរាយការណ៍ថាចង់បានតម្លៃជាង៥០លានផោនសម្រាប់ Alderweireld ហើយក៏បើកចំហចំពោះសំណើស្រដៀងគ្នានេះលើខ្សែការពារឆ្វេង Danny Rose និងខ្សែបម្រើ Mousa Dembele ផងដែរ៕