យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា ក្រុមបិសាចក្រហម Manchester United គ្រោងចំណាយទឹកប្រាក់៦០លានអឺរ៉ូដើម្បីឆក់យកខ្សែការពារ Varane ពី Real Madrid មកកាន់ទឹកដី Old Trafford នារដូវកាលក្រោយ។

អ្នកចាត់ការ Jose Mourinho កំពុងតែដុតដៃដុតជើងរកខ្សែការពាររឹងមាំមកបន្ថែមទៀតឲ្យ Man UTD ដែលមានបញ្ហានៅតំបន់ខាងក្រោម ស្របពេលដែលប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេរាយកាណ៍មកថានឹងយល់ព្រមលក់ Varane នៅក្នុងតម្លៃ៥៤លានផោន (ស្មើនឹង៧៥លានដុល្លារអាមេរិក)។

ប្រភពដដែលខាងលើបានបន្តថា បំណងចង់លក់កីឡាកររបស់លោកមហាសេដ្ឋីរូបនេះគឺដោយសារ Real Madrid ត្រូវការបន្ថែមសមាជិកថ្មីៗដើម្បីមកពង្រឹងក្រុមឲ្យកាន់តែខ្លាំងជាងនេះនៅរដូវកាលក្រោយៗ។

គួររំលឹកថា កីឡាករវ័យ២៤ឆ្នាំខាងលើបានផ្ទេរមកកាន់ Real Madrid កាលពីឆ្នាំ២០១១ ដោយបង្ហាញខ្លួនឲ្យក្រុមអធិរាជសបាន១៩១ប្រកួត ហើយក៏ជាសមាជិកដ៏សំខាន់ម្នាក់ដែលបានជួយឲ្យក្រុមលោក Zinedine Zidane ឈ្នះជើងឯកជាច្រើនផងដែរកាលពីឆ្នាំមុន។

ប្រភព៖ BBC