ប្រភព Metro ពានផ្សាយកាលពីយប់មិញថា Real Madrid បានសម្រេចចិត្តដកដំណែងគ្រូបង្វឹកលោក Zinedine Zidane នៅចប់រដូវកាលនេះហើយក្លឹបកំពុងនិយាយជាមួយលោក Joachim Low គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់។
Madrid កំពុងឈរលេខ៤ក្នុងតារាង La liga ហើយតាមពីក្រោយ Barcelona ១៦ពិន្ទុ។ក្រុមលោក Zidane ក៏ត្រូវបានគូរប្រជែងពានដ៏ស្វិតស្វាញមួយនេះយកឈ្នះក្នុងជំនួប El Clasico ក្នុងលទ្ធផល៣ទល់០នៅកីឡដ្ឋាន Bernabeu ។ ប្រភពមកពីប្រទេសអេស្ប៉ាញបានរាយការណ៍ថា ប្រធានក្លឹប Real Madrid លោក Perez បានសម្រេចចិត្តកំណត់ពេលពេលវេលាចាកចេញរបស់ Zidane ទាំងបង្ខំចិត្ត គឺចប់រដូវកាលនេះ ហើយក្លឹបក៏កំពុងតែពិភាក្សារកអ្នកជំនួសគ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះដែរ។
របាយការណ៍ដដែលបានបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់ Madrid បាននឹងកំពុងពិភាក្សាជាមួយលោក Low ហើយភាគីទាំងពីរមានសុទិដ្ឋិនិយមថា គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់រូបនេះទទួលយកសំណើ។ បញ្ហារបស់ Real Madrid ដែលពិបាកក្នុងការនាំយកគ្រូបង្វឹកវ័យ៥៧ឆ្នាំ គឺដោយសារលោក Low ជាប់កុងត្រាជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដល់ចប់ព្រឹត្តិការណ៍ Euro 2020។ ប៉ុន្តែ Real សង្ឃឹមថាពួកគេអាចឈានទៅដល់កិច្ចព្រមព្រៀងមួយជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ដើម្បីយកគ្រូបង្វឹកដ៏ជោគជ័យម្នាក់នេះ មកកាន់ទីក្រុងម៉ាឌ្រីដ បន្ទាប់ពីការប្រកួត World Cup 2018 នៅរុស្សីរួចរាល់។
Low បានដឹកនាំក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយជួយក្រុមមួយនេះឈ្នះពាន World Cup 2014 ហើយក៏ធ្លាប់នាំក្រុមយក្សនៅអឺរ៉ុបមួយនេះឡើងវគ្គផ្ដាច់ព្រ័ត្រ Euro 2008 ផងដែរតែពេលនោះអាល្លឺម៉ង់ចាញ់ក្រុមជម្រើសជាតិអេស្ប៉ាញ។
បេក្ខភាពដទៃទៀតគឺគ្រូបង្វឹក Tottenham លោក Mauricio Pochettino ក៏ស្ថិតក្នុងរ៉ាដារបស់ Real Madrid ផងដែរ។ប៉ុន្តែគ្រូបង្វឹករូបនេះ នៅសល់កុងត្រាជាមួយ Spurs បីឆ្នាំទៀតឯណោះ៕