Real Madrid បានសម្រេចមិនធ្វើការដោះដូរកីឡាករ ក្នុងរដូវកាលទីផ្សារកីឡាករត្រូវបើកកាលពីខែមករា ដោយគ្មានកីឡាករចំណូលមកថ្មី ហើយក៏គ្មានការអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនណាម្នាក់ចេញដែរ ដែលនេះលោក Zidane រក្សាបាននូវចង្កូម និងក្រញាំរបស់ក្លឹបដដែល។
គិតទៅ៣ឆ្នាំជាប់ៗគ្នាហើយដែល Real Madrid មិនទិញលក់កីឡាករក្នុងខែមករា ដែលជាអំឡុងពេលរៀបចំក្រុមរបស់ជើងទី២ក្នុងរដូវកាលប្រកួត ខណៈកីឡាករ២៣នាក់រក្សាដដែល។ លោក Zidane ធ្លាប់បាននិយាយទៅកាន់អ្នកកាសែតថា៖” ខ្ញុំសប្បាយចិត្តជាមួយកីឡាករដែលខ្ញុំមានពេលនេះ ខ្ញុំនឹងរក្សាកីឡាករទាំងអស់របស់ខ្ញុំ”។
អ្នកចាំទី Kepa របស់ At. Bilbao នៅតែមិនបានជាន់ដី Bernabeu ទោះបីជាពិនិត្យសុខភាពជាមួយ Real ជោគជ័យ ដោយសារគ្រូបង្វឹកសញ្ជាតិបារាំងទុកចិត្ត Keylor Navas ខ្លាំងបំផុត។ គ្រូបង្វឹក Real Madrid រូបនេះនៅមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការមិនទទួលយកជម្រើសថ្មី ដោយសារមូលហេតុច្រើនយ៉ាង ពិសេសកីឡាកររបស់គាត់មានគុណភាពតែមិនសូវបង្ហាញខ្លួន ហើយហានិភ័យនៃការលក់ចេញទិញចូល អាចធ្វើឲ្យបាត់បង់ភាពសុខដុមក្នុងក្រុម ខណៈដែលកីឡាករទាំងអស់នៅមានភាពរឹងមាំ។
បញ្ហាអតិផរណាទីផ្សារកីឡាករគឺជារឿងត្រូវគិត ទោះបីជាវាមិនបានចោទជាបញ្ហាសម្រាប់ក្លឹបជាច្រើននៅ Premier League សូម្បីតែ Barcelona ដែលជាគូប្រជែងរបស់ខ្លួន ខណៈប្រធានក្លឹបលោក Perez បង្ហាញភាពស្ទាក់ស្ទើរក្នុងចំណាយលុយខ្ជះខ្ជាយលើកីឡាករ។
ទម្រង់លេងចុះខ្សោយរបស់ Real Madrid ក្នុងរដូវកាលនេះ មិនទាន់គ្រប់គ្រាន់ឲ្យ Zidane រក្សាភាពស្ងៀមស្ងាត់ក្នុងក្រុមជាមួយនឹងតុល្យភាពកីឡាករក្នុងការទិញចូល ឬក៏លក់ចេញកីឡាករណាម្នាក់ក្នុងក្រុមនោះទេ។ ជាមួយគ្នានេះដែរ គាត់មិនបានស្វែងរកអ្នកចាំទីថ្មី ដែលល្បីក្លឹបចង់បាន តែលោកថែមទាំងរារាំង Dani Celballos និង Marco Llorente ដែលមានក្លឹបធំៗក្នុង La liga ចង់បានឲ្យនៅបន្តជាមួយក្លឹប៕