Lionel Messi ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កីឡាករ​បាល់ទាត់​ម្នាក់​ល្អ​បំផុត ​ក្នុង​ចំណោម​កីឡាករ​ល្អ​ៗ​ផុត​លេខ​ក្នុង​ប្រវត្តិសាស្ត្រ​គ្រប់​សម័យ​កាល​។ ​ខ្សែ​ប្រយុទ្ធ​ Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​បង្កើត​ស្នាដៃ​និង​កំណត់ត្រា​ជា​ច្រើន​ស្ទើរ​តែ​រាប់​មិន​អស់​ក្នុង​អាជីព​របស់​ខ្លួន​រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​! គាត់​មាន​វ័យ​៣០​ឆ្នាំ​ទៅ​ហើយ​​ៗ ​ក៏​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ទៀត​ដែល​គាត់​ត្រូវ​បំពេញ ​ហើយ​ក៏​មាន​កំណត់​ត្រា​ជា​ច្រើន​ទៀត​មិន​ទាន់​ធ្វើ​បាន​នៅ​ឡើយ​ដែរ។ ខាង​ក្រោម​ជា​កំណត់​ត្រា​១០​យ៉ាង​ដែល​កីឡាករ​កូន​ពីរ​ម្នាក់​នេះ​មិន​ទាន់​សម្រេច​បាន៖

១-​ចូល​លេង​ឲ្យ ​Barcelona បាន​ច្រើន​ជាង​គេ​បំផុត៖


Messi ចូល​លេង​ឲ្យ ​Barcelona បាន​​៦២១​ប្រកួត​ហើយ​ចាប់​តាំង​ពីរ​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​លើក​ដំបូង​កាល​ពី​វ័យ​ជំទង់​កាល​ពី​ឆ្នាំ ២០០៤។​ប៉ុន្តែ​ស្ថិតិ​នេះ​រូប​គេ​ឈរ​នៅ​លំដាប់​លេខ​៤ ​ក្នុង​ចំណោម​កីឡាករ​លេង​បាន​ច្រើន​ប្រកួត​ជាង​គេ​ឲ្យ ​Barca។

កីឡាករ​២​នាក់​ដែល​នៅ​ពី​លើ​គាត់​គឺ​ Xavi លេង​បាន​៧៦៧​ប្រកួត ​ខណៈ​ Carles Puyol លេង​បាន​៦៦៣​ប្រកួត​។​យ៉ាង​ណា​កីឡាករ​២​នាក់​នេះ​បាន​ចាក​ចេញ​ពី​ក្លឹប​ទៅ​ហើយ​។ ចំណែក​កីឡាករ​ម្នាក់​ទៀត​ដែល​ឈរ​លើ​ Messi នោះ​គឺ​ប្រធាន​ក្រុម​បច្ចុប្បន្ន​ Andrea Iniesta ដែល​លេង​បាន​៦៥៧​ប្រកួត​​ហើយ​គាត់​ក៏​នៅ​តែ​លេង​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ដដែល។ អញ្ចឹង​មាន​ន័យ​ថា ​Messi ត្រូវ​លេង​ជា​ច្រើន​ឆ្នាំ​ទៀត​​សិន​ទើប​អាច​តាម​ស្មើ​ឬ​លើស​កីឡាករ​៣​រូប​នេះ។

២- ជា​កីឡាករ​ Barcelona រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង ​Copa del Rey

តាម​ពិត​ទៅ​កំណត់​ត្រា​ហាក់​មិន​សូវ​ពិបាក​ប៉ុន្មាន​ទេ​សម្រាប់ ​Messi ព្រោះ​គេ​អាច​លេង​បាន​ច្រើន​ប្រកួត​ទៀត។ គ្រាប់​បាល់​៤៧​គ្រាប់​ដែល​ក្រុម​ Barcelona រក​បាន​ក្នុង​ Copa del Rey មាន ​Messi ១៨​គ្រាប់​​ នៅ​តាម​ពី​ក្រោយ​អតីត​កីឡាករ​ Josep Samitier លេង​ជំនាន់​សង្គ្រាម​លោក​លើក​ទី​១​ច្រើន​គ្រាប់​ទៀត។ Messi រក​បាន​៥​គ្រាប់​ក្នុង​ការ​ចូល​លេង​៤​ប្រកួត​ចុង​ក្រោយ​ក្នុង​រដូវ​កាល​នេះ​ ។ ​វា​នឹង​មាន​ពេល​មិន​យូរ​ទេ​សម្រាប់ ​Messi ដើម្បី​បំបែក​កំណត់​ត្រា​នេះ។

៣-​កីឡាករ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ច្រើន​ជាង​គេ៖

Messi បាន​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ឲ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​រួច​ទៅ​ហើយ​ ហើយ​ពេល​នេះ​រូប​គេ​កំពុង​តែ​ស្វែង​រក​ផ្លូវ​បំបែក​កំណត់​ត្រា​អ្នក​ចូល​លេង​ច្រើន​ជាង​គេ​។ បច្ចុប្បន្ន​រូប​គេ​ចូល​លេង​បាន​១២៣​ប្រកួត​​ តែ​នៅ​តាម​ពី​ក្រោយ​ចំនួន​ចូល​លេង​របស់​អតីត​កីឡាករ​ចូល​និវត្តន៍​លោក Javies Zanetti ដែឡ​លេង​បាន​១៤៣​ប្រកួត។ Javier Mascherano នៅ​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ ខណៈ​កីឡាករ​រូប​នេះ​លេង​បាន​១៣៩​ប្រកួត​ឯណោះ។

៤- កីឡាករ​អាហ្សង់ទីន​​រក​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ World Cup

នៅ​ទី​នេះ​មិន​មែន​ចង់​និយាយ​ពី​ការ​រក​បាន​គ្រាប់​បាល់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​លើក​ពាន​នោះ​ទេ ​​តែ​ចង់​និយាយ​ពី​ការ​រក​គ្រាប់​បាល់​ក្នុង​ការ​ទៅ​លេង​នៅ​ World Cup ដែល​ប្រទេស​ណា​មួយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ សម្រាប់​ Messi រក​បាន​ត្រឹម​តែ​៥​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ចូល​លេង​១៤​ប្រកួត​ក្នុង​ World Cup ។ Gabriel Batistuta(ចូលនិវត្តន៍)​ ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុតក្នុង​ចំណោម​កីឡាករ​អាហ្សង់ទីន​ទាំង​អស់ ​ដោយ​រក​បាន​១០​គ្រាប់​។ ការ​ចូល​លេង​នៅ​ World Cup នៅ​រុស្សី​ជា​ឱកាស​សម្រាប់ ​Messi បន្ថែម​៥​ឬ​៦​គ្រាប់​ទៀត​ ដើម្បី​បំបែក​កំណត់​ត្រា​កីឡាករ​អាហ្សង់ទីន​។

៥- កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង ​UEFA Champions League៖

Messi កំពុង​បាន​​ប្រជែង​ជាមួយ ​Ronaldo​ នៅ​កំណត់​ត្រា​ជា​ច្រើន​មក​ហើយ​តែ​អ្វី​ដែល​ Messi មិន​ទាន់​ធ្វើ​បាន​ គឺ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង ​Champions League ខណៈ​ដែល​ Ronaldo កំពុង​កាន់​កាប់​ហើយ​បន្ត​រក​បន្ថែម​យ៉ាង​ច្រើន​ទៀត​នោះ។ Ronaldo រក​បាន​១១៦​គ្រាប់​ហើយ​ក្នុង​ពាន​ធំ​ជាង​គេ​លំដាប់​អឺរ៉ុប​ ខណៈ​ដែល ​Messi តាម​ពី​ក្រោយ​ ដោយ​គ្រាប់​បាល់​៩៨​គ្រាប់។

៦- អ្នក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​​លីក​កំពូល​ទាំង​៦

កំណត់ត្រា​មួយ​ទៀត​ដែល​ Ronaldo កំពុង​នាំ​មុខ​ Messi គឺ​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​លីក​កំពូល​ទាំង​៦​នៅ​អឺរ៉ុប។ CR7 ដែល​ធ្លាប់​លេង​នៅ​ព័រទុយហ្គាល់ អង់គ្លេស​ មុន​ពេល​ផ្ទេរ​មក​អេស្ប៉ាញ​រក​បាន​៣៨៣​គ្រាប់​ហើយ ​ខណៈ​ Messi រក​បាន​៣៦៩​គ្រាប់។

៧- អ្នក​រក​បាន​គ្រាប់​បាល់​ Hat-Tricks ​ច្រើន​ជាង​គេ​ក្នុង​ La liga៖

ការ​ទាត់​បាល់​បញ្ចូល​ទី​៣​​គ្រាប់ ​​ឬ​លើស​ក្នុង​មួយ​ប្រកួត​វា​កម្រ​ណាស់​សម្រាប់​កីឡាករ​ជា​ច្រើន។ ប៉ុន្តែ​ Messi កំពុង​ស្វែង​រក​ផ្លូវ​ដែល​អាច​រក​បាន​ច្រើន​ជាង​កំណត់​ត្រា​បច្ចុប្បន្ន​របស់​ខ្លួន។​ កីឡាករ​កម្ពស់​១.៧០​ម៉ែត្រ​​រក​បាន​២៨​ដង​ហើយ​​គិត​ក្នុង ​La liga។ ​អញ្ចឹង​ក៏​ដោយ​កីឡាករ​អាហ្សង់ទីន​ ត្រូវ​តាម​ពី​ក្រោយ​ Ronaldo ដោយ​កីឡាករ​ព័រទុយហ្គាល់​រក​បាន​៣៣​ដង​គិត​តែ​ក្នុង​ La liga។

៨- កីឡាករ​ដែល​ទាត់​បញ្ចូល​ទី​ច្រើន​ប្រកួត​ជាប់​គ្នា​ក្នុង​ទឹក​ដី​ខ្លួន​ឯង៖

Messi កាន់​កំណត់​ត្រា​ជា​ច្រើន​ក្នុង​នាម​ជា​កីឡាករ​រក​គ្រាប់​បាល់​នៅ​ La Liga ប៉ុន្តែ​កំណត់​ត្រា​មួយ​នេះ ​Messi ធ្វើ​មិន​ទាន់​បាន​នៅ​ឡើយ​ទេ។ អតីត​កីឡាករ​ Barcelona ជំនាន់​សង្គ្រាម​លោក​លើក​ទី​២​ លោក Mariano Martin រក​បាន​គ្រាប់​បាល់​ក្នុង​ផ្ទះ​ខ្លួន​១៨​ប្រកួត​ជាប់​ៗ​គ្នា​នៃ​ពាន ​La liga ចន្លោះ​ឆ្នាំ​១៩៤២​ ដល់​ឆ្នាំ​១៩៤៣​។ វា​ពិបាក​ដូច​ស្ពាយ​ថ្ម​ឡើង​ភ្នំ​ សម្រាប់​Messi ដែល​ចង់​បំបែក​កំណត់​ត្រា​មួយ​នេះ​។​ កីឡាករ​ដទៃ​ទៀត​ក៏​ពិបាក​នឹង​អាច​ធ្វើ​បាន​ដែរ។

៩- កីឡាករ​ចូល​លេង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន ​Champions League ​ច្រើន​ជាង​គេ

តាម​ពិត​ទៅ ​Messi ជាប់​ទាក់ទង​ក្នុង​ភាព​ជោគជ័យ​នៃ​ការ​ឈ្នះ​ពាន ​Champions League ៤ដង​ជាមួយ​ Barcelona ហើយ​រូប​គេ​បាន​ចូល​លេង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​៣​ដង​គឺ​ឆ្នាំ​២០០៩, ២០១១ និង​២០១៥​។​ អញ្ចឹង​ក៏​ដោយ​កាល​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឆ្នាំ​២០០៦​ ជាមួយ ​Arsenal Messi មិន​បាន​ដាក់​ឲ្យ​លេង​នោះ​ទេ ​ដោយ​សារ​នៅ​ក្មេង​ពេក​ហើយ​រូប​គេ​ត្រឹម​មាន​ឈ្មោះ​ទៅ​លេង​ប៉ុណ្ណោះ​។ ចំណែក​កីឡាករ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ច្រើន​ជាង​គេ​គឺ​ Andrea Iniesta លេង​បាន​៤​ដង។

១០-​កីឡាករ​បង្ហាញ​ខ្លួន​ក្នុង​ជំនួប​ El Clasico ច្រើន​ជាង​គេ៖

19 Sep 1998: Manuel Sanchis of Real Madrid in action during a match against Barcelona in Madrid, Spain. The game ended in a draw 2-2. Mandatory Credit: Clive Mason /Allsport

មិន​អាច​ប្រកែក​បាន​ដែល​ Messi ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ El Clasico ដោយ​ស៊ុត​ចូល ​Real Madrid ១៦​គ្រាប់ ​​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​រូប​គេ​មិន​ទាន់​អាច​ក្លាយ​ជា​កីឡាករ​បង្ហាញ​ខ្លួន​ ក្នុង​ការ​ប្រកួត​ស៊ីសាច់​ហុតឈាម​អង្កាម​ឆ្អឹង​មួយ​នេះ​នោះ​ទេ។ ចំណែក​កីឡាករ​លេង​បាន​ច្រើន​ជាង​គេ​គឺ​អតីត​ខ្សែ​ការពារ​ Real Madrid កីឡាករ Manuel Sancis ដែល​បាន​លេង​ទល់​នឹង ​Barcelona ៤៣​ដង​។ Messi លេង​បាន​៣៧​ដង​ស្មើ​ជាមួយ ​Sergio Ramos៕