អ្នកបកប្រែរបស់ Angrl Di Maria បានបង្ហាញមូលហេតុពិតប្រាកដ ដែលកីឡាករជម្រើសជាតិអាហ្សង់ទីន ត្រូវសម្រេចចិត្តចេញពី Manchester United បន្ទាប់ពីលេងបានត្រឹមមួយរដូវកាលប៉ុណ្ណោះ។
កីឡាករវ័យ២៩ឆ្នាំ បានមកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ២០១៤ក្រោយចាកចេញពី Real Madrid ក្នុងតម្លៃ៥៩.៧លានផោន ដោយគាត់បានចូលលេង២៣ប្រកួតរកបាន៤គ្រាប់គ្រប់ពានរង្វាន់។ ចុងបញ្ចប់នៃរដូវកាល២០១៤/១៥, Di Maria ត្រូវបានបោះឆ្នោតក្លាយជាកីឡាករដែល Man Utd ចុះកុងត្រាអាក្រក់បំផុត ហើយគាត់ក៏សម្រេចចិត្តចេញទៅលេងនៅទីក្រុងប៉ារីសតែម្ដងទៅ។
មកដល់ពេលនេះ រូបគេហាក់បង្ហាញថា មិនសប្បាយចិត្តជាមួយនឹងការប្រកបអាជីពនៅ Man Utd ខណៈលោក Debora Gomes ជាអ្នកបកប្រែរបស់កីឡាករ និយាយក្នុងកាសែត Esporte Interactivo ពីការសម្រេចចិត្តចេញថា៖” គាត់ពិតជាមិនសប្បាយចិត្តមែន ជាមួយនឹងក្លឹប។ ដំបូងបំផុត! គាត់ពិបាកណាស់ គាត់មិនអាចទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាបានទេ”។
“ ទី២ដោយសារតែគាត់គិតថាក្លឹបទិញគាត់ពី Real មិនមែនដោយសារសមត្ថភាពនោះទេ ឬក៏ទិញគាត់យកជួយក្លឹបដើម្បីលើកពាននោះទេ តែទិញគាត់ដោយសារគាត់ជាកីឡាករល្អហើយល្បី។”
“ ចំណុចមួយទៀត ក្លឹបទិញមក ដើម្បីលក់អាវរបស់គាត់។ នេះខ្ញុំបានលឺចេញពីក្នុងក្លឹប លឺមនុស្សនិយាយគ្នាបែបនេះ (យក Di Mariaដើម្បីលក់អាវ)។ បើអញ្ចឹងៗអី កីឡាករណាសប្បាយចិត្ត”។
ចាប់តាំងពីពេលនោះមក Di Maria បានទៅចាប់ផ្ដើមអាជីពម្ដងទៀតនៅ PSG ខណៈ Gomes ជឿថា Man Utd បានបាត់បង់ទស្សនៈវិស័យដែលសំខាន់បំផុតក្នុងបាល់ទាត់។
“ ខ្ញុំជឿថាតាំងតែពីលោក Sir Alex ចេញទៅ ក្លឹបបាត់បង់ការចាប់អារម្មណ៍ទៅលើបាល់ទាត់ ហើយពួកគេគិតតែពីលុយ! លុយ !លុយ! ដូច្នេះកីឡាករដែលពួកគេទិញគឺធ្វើយ៉ាងណាគិតថា តើទិញមកអាចរកលុយបានប៉ុណ្ណា? កាលនោះពួកគេ មិនបានគិតពីអ្នកគាំទ្រឲ្យរីករាយជាមួយបាល់ទាត់ទេ តែអ្នកគាំទ្ររីករាយជាមួយនឹងលុយរបស់ក្លឹបទៅវិញ”៕